
រដ្ឋធានីតេហេរ៉ង់៖ ក្នុងឱកាសសង្គ្រាមមជ្ឈិមបូព៌ា បានឈានចូលដល់សប្តាហ៍ទី២ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ភើហ្សេសគៀន (Masoud Pezeshkian) បានថ្លែងសារយ៉ាងម៉ឺងម៉ាត់ថា ប្រទេសលោកនឹងមិនលុតជង្គង់ចុះចាញ់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ជាដាច់ខាត។ លោកបញ្ជាក់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា បំណងប្រាថ្នារបស់សត្រូវ ដែលចង់ឃើញអ៊ីរ៉ង់លើកទង់ជ័យសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌនោះ នឹងគ្មានថ្ងៃកើតឡើងឡើយ។

ទោះជាយ៉ាងណា អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងសុន្ទរកថានេះ លោក ភើហ្សេសគៀន បានប្រើសម្តីបន្ទន់ឥរិយាបថទៅកាន់បណ្ដាប្រទេសជិតខាង ដោយថ្លែងការសុំទោសជាសាធារណៈ ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ នាពេលកន្លងមក ដោយបានប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ ជាពិសេស បណ្ដាប្រទេសឈូងសមុទ្ទ ហើយបានសន្យាថា អ៊ីរ៉ង់ឈប់វាយប្រហារលើពួកគេទៀតហើយ។ ការសន្យានេះ មានលក្ខខណ្ឌតែមួយគត់ គឺប្រទេសជិតខាងទាំងនោះ ត្រូវធានាថា មិនត្រូវឱ្យសត្រូវប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីវាយប្រហារមកលើអ៊ីរ៉ង់ឡើយ។

វិធានការនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំថ្មីអ៊ីរ៉ង់ ក្នុងការបញ្ចុះកម្ដៅជាមួយបណ្ដាប្រទេសអារ៉ាប់ ដើម្បីប្រមូលកម្លាំងទប់ទល់នឹងសត្រូវចម្បងដែលកំពុងវាយលុកពីខាងក្រៅ។ គួរបញ្ជាក់ថា លោក ភើហ្សេសគៀន គឺជាសមាជិកម្នាក់ ក្នុងចំណោមមេដឹកនាំទាំង៣រូប ដែលកំពុងកាន់អំណាចបណ្ដោះអាសន្ន បន្ទាប់ពីមេដឹកនាំកំពូល លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ត្រូវបានសម្លាប់ក្នុងយុទ្ធនាការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល កាលពីចុងខែកុម្ភៈ៕



