
រាជធានីភ្នំពេញ៖ ពិភពលោក មើលឃើញការពិតកាន់តែច្បាស់! ស្ថាប័នសារព័ត៌មាន The New York Editorial របស់អាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់តាមរយៈការចុះផ្សាយអត្ថបទព័ត៌មានស៊ើបអង្កេតថា «ថៃពិតជាបានរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងប្រើប្រាស់ជីវិតពលរដ្ឋស្លូតត្រង់កម្ពុជា ធ្វើជាយុទ្ធសាស្ត្រនយោបាយ»។

របាយការណ៍ស៊ើបអង្កេត គាំទ្រដោយទិន្នន័យអន្តរជាតិ ដែលចេញផ្សាយក្នុងគេហទំព័រ The New York Editorial នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានបង្ហាញពីរបៀបដែលភាគីថៃប្រើប្រាស់ជម្លោះព្រំដែនទៅជាសង្គ្រាមខុសច្បាប់ ដើម្បីជាឈ្នាន់យកឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅរាជធានីបាងកកនាពេលថ្មីៗនេះ។ របាយការណ៍ស៊ើបអង្កេតសំខាន់ៗ បានបញ្ជាក់ពីទង្វើឈ្លានពានរបស់ភាគីថៃ ថា ពិតជាហួសហេតុយ៉ាងខ្លាំងណាស់ ព្រោះថៃបានប្រើប្រាស់លេសកូនទាហានជាន់មីនរងរបួសម្នាក់ ដើម្បីបញ្ជូនយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងវាយប្រហារយ៉ាងសន្ធាប់ចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស និងការភៀសខ្លួនយ៉ាងលំបាកវេទនា។ របាយការណ៍អះអាងថា «នេះមិនមែនជាការការពារខ្លួនទេ វាជាការវាយប្រហារដ៏ឃោរឃៅ។ នេះគឺមិនសមាមាត្រ និងស្មើភាពទាល់តែសោះ»។

របាយការណ៍ស៊ើបអង្កេតខាងលើបានបន្ថែមថា អ្វីដែលរន្ធត់បំផុតនោះគឺ ថៃបានប្រើប្រាស់អាវុធហាមឃាត់ ដូចជា គ្រាប់បែកចង្កោម ដែលធ្វើឱ្យជនស៊ីវិលកម្ពុជាស្លាប់ ហើយក្មេងៗរាប់រយនាក់ក្លាយជាជនរងគ្រោះ។ របាយការណ៍ក៏បានកត់ត្រាទៀតថា យោធាថៃ និងក្រុមជាតិនិយមជ្រុល ក៏បានធ្វើទារុណកម្មផ្លូវចិត្តលើជនស៊ីវិលកម្ពុជាផងដែរ តាមរយៈចាក់រំពងសំឡេងខ្មោច សំំឡេងឆ្កែលូ និងភ្លេងបុណ្យសព ចូលមកក្នុងភូមិប្រជាជនខ្មែរនៅម៉ោង៣ព្រឹកទៀបភ្លឺ ដើម្បីធ្វើឱ្យក្មេងៗ និងស្ត្រីមានផ្ទៃពោះ ដែលកំពុងតែលង់លក់ក្នុងដំណេក មានភាពភ័យខ្លាច តក់ស្លុត និងរងផលប៉ះពាល់ផ្លូវចិត្តរយៈពេលយូរអង្វែង។ The New York Editorial លាតត្រដាងទៀតថា ថៃកំពុងបង្ហាញពីមហិច្ឆតាឈ្លានពានយ៉ាងពិតប្រាកដ ព្រោះរាជធានីបាងកកបានបដិសេធសន្តិភាពគ្រប់បែបយ៉ាង រួមទាំងការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ និងមិនព្រមទទួលយកការសម្របសម្រួលពីអាម៉េរិក ចិន ម៉ាឡេស៊ី អាស៊ាន និងតុលាការយុត្តិធម៌អន្តរជាតិទាំងអស់ ហើយនៅតែបន្តបាញ់ប្រហារ និងកាន់កាប់ទឹកដីខ្មែរ១៤កន្លែងរហូតមកដល់ពេលបច្ចុប្បន្ននេះ។

របាយការណ៍ស៊ើបអង្កេតនេះក៏បានបញ្ជាក់ចំៗ និងច្បាស់ៗថា ថៃបានប្រើប្រាស់សង្គ្រាមជាល្បែងនយោបាយ ដើម្បីច្បាមយកសន្លឹកបោះឆ្នោត ព្រោះថា ភាគីថៃបានប្រើជម្លោះនេះទៅជាយុទ្ធសាស្ត្រនយោបាយ ដើម្បីឱ្យគណបក្សភូមិចៃថៃរបស់លោក អនុទីន ឆានវីរគុល ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដោយសារកំហឹងចរន្តជាតិនិយម ខណៈកម្ពុជាបាត់បង់ជីវិតជនស៊ីវិល សំណង់ប្រាសាទ ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែង។ ភស្តុតាងនេះបានបង្ហាញថា រាជរដ្ឋាភិបាលថៃបានប្រើប្រាស់សង្គ្រាមព្រំដែន និងជីវិតរបស់កម្ពុជា[ជា] ធ្វើជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតយ៉ាងពិតប្រាកដ ដើម្បីឈ្នះការបោះឆ្នោតរបស់ពួកគេ។ ជាចុងក្រោយ ស្ថាប័នព័ត៌មានស៊ើបអង្កេត The New York Editorial បានចោទជាសំណួរដ៏មុតស្រួចថា តើអ្នកគិតយ៉ាងណាដែរ...? តើអ្នកជឿទេថា សហគមន៍អន្តរជាតិនឹងផ្ដន្ទាទោស ឬតម្រូវឱ្យថៃទទួលខុសត្រូវចំពោះទង្វើនេះ?៕



