
រាជធានីភ្នំពេញ៖ ផ្គើននឹងសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ឆ្លៀតលក់ប្រេងសាំងថ្លៃហួសហេតុ ស្ថានីយប្រេងឥន្ធនៈ «សន្ដិភាព ឬ Peace» ១កន្លែង ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ត្រូវមន្ត្រីជំនាញចុះទៅផាកពិន័យទឹកប្រាក់៤លានរៀល និងធ្វើកិច្ចសន្យានៅនឹងកន្លែង កាលពីថ្ងៃទី៨មីនាម្សិលមិញ...។

ចំណាត់ការនេះ ធ្វើឡើងតាមការចង្អុលបង្ហាញរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈជាក់ស្តែង។ ក្នុងប្រតិបត្តិការ មន្ត្រីជំនាញរកឃើញស្ថានីយប្រេង «សន្ដិភាព» លក់លើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ ភ្លាមៗ ក្រុមការងារជំនាញ បានពិន័យម្ចាស់ទីតាំង និងធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។ ក្រៅតែពីចំណាត់ការជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាព នៃតម្លៃប្រេងឥន្ទនៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងចៀសវាងការឆក់ឱកាសកេងចំណេញនានា។

ជាការកត់សម្គាល់ ពាក់ព័ន្ធករណីនេះ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) តាមរយៈសេចក្តីជូនដំណឹងក្នុងថ្ងៃជាមួយគ្នានោះ បានចេញមុខសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើង និងថ្លែងអំណរគុណចំពោះពលរដ្ឋដែលផ្តល់ព័ត៌មាន។ ជាមួយគ្នា ក្រុមហ៊ុនអះអាងថា បន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីធានាថា ស្ថានីយទាំងអស់របស់ខ្លួនគោរពតាមតម្លៃដែលបានកំណត់ ហើយផ្តល់សេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនអតិថិជន។ គួរជ្រាបថា ដោយសារផលវិបាកនៃសង្គ្រាមដ៏ខ្លាំងក្លានៅមជ្ឈិមប៉ូព៌ា បង្កឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ បណ្តាប្រទេសជាច្រើននៅលើពិភពលោកកំពុងជួបបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ។ នៅកម្ពុជា តម្លៃប្រេងក៏មានការប្រែប្រួល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក៏បានព្រមានអនុវត្តនូវវិធានការតាមនីតិវិធីច្បាប់ជាធរមាន ចំពោះស្ថានីយប្រេងលួចដំឡើងថ្លៃខុសពីការណែនាំ៕






