រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវគ្រប់ម្ចាស់ទីតាំងឱ្យជនបរទេសស្នាក់នៅ ឬធ្វើការ ត្រូវរាយការណ៍មកអាជ្ញាធរឱ្យបានដឹងបើមិនចង់រងពិន័យ
S
Sreyleak Yith
18 ម៉ោងមុន

ក្រុងច្បារមន៖ ម្ចាស់រោងចក្រ សហគ្រាស ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ដែលអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ឬធ្វើការ នៅក្នុងទីតាំងរបស់ខ្លួន ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ពីឈ្មោះជនបរទេសទាំងនោះ និងឯកសារផ្សេងៗដែលពាក់ព័ន្ធ បើមិនដូច្នេះទេ នឹងត្រូវរងការផាកពិន័យជាក់ជាមិនខាន។ នេះបើតាមការឱ្យដឹងពី រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៨មីនា...។

រដ្ឋបាលខេត្តកំពង់ស្ពឺ គូសបញ្ជាក់ថា ដើម្បីធានាការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ម្ចាស់ទីតាំងរោងចក្រ សហគ្រាស ផ្ទះសំណាក់ សណ្ឋាគារ ខុនដូ រីសត ត្រូវមានកាតព្វកិច្ចចូលរួមអនុវត្តតាម ខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដោយបង្ហាញឆន្ទៈក្នុងការចូលរួមជាមួយសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនទ្បាញស្កេមនៅកម្ពុជា។ ក្នុងនោះ ម្ចាស់ទីតាំងត្រូវសហការ និងទទួលខុសត្រូវ លើសកម្មភាពប្រមូលផ្តុំ ឬកត់សម្គាល់លើមុខសញ្ញាសង្ស័យដែលអាចនឹងបង្កគ្រោះថ្នាក់ និងមានពាក់ព័ន្ធផ្លូវច្បាប់ ដែលរត់គេចមកសម្ងំលាក់ខ្លួននៅទីតាំងរបស់ខ្លួន។

រូបតំណាង
រូបតំណាង

សូមជម្រាបថា កាលពីកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានថា ម្ចាស់ទីតាំងដែលធ្វេសប្រហែស ខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០ម៉ឺនរៀល ដោយមិនទាន់គិតដល់ព្យសនកម្ម (ការខូចខាត) ដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ ខណៈអ្នកមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលកម្ពុជាដោយខុសច្បាប់ ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់។ ដោយឡែក អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសដែលចូលមកក្នុងកម្ពុជាដោយខុសច្បាប់ ក៏នឹងត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត