
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នា ដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីសិក្សាថ្នាក់ជំនាញឌីជីថល ជំហានទី២» នៅតាមសាលាបឋមសិក្សាគោលដៅ១៨ទីតាំងបន្ថែម សំដៅផ្តល់ការបណ្ដុះបណ្ដាលផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេស ដល់សិស្សានុសិស្ស...។

ពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីសិក្សាថ្នាក់ជំនាញឌីជីថល ជំហានទី២ បានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅឯសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង លោក ហៃ ហ៊ុនឡេង សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ។ ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា កម្មវិធីសិក្សាថ្នាក់ជំនាញឌីជីថល ជំហានទី២នេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមចំណែកអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល បណ្ដុះគ្រាប់ពូជមូលធនមនុស្សឌីជីថលកម្ពុជា ទទួលចំណេះដឹង និងជំនាញឌីជីថលមូលដ្ឋានពីបឋមវ័យ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាកម្លាំងចលករជំរុញឧត្តមភាពប្រកួតប្រជែងកម្ពុជា នៅក្នុងសេដ្ឋកិច្ចឌីជីថល។

កម្មវិធីផ្តោតសំខាន់លើការបណ្ដុះបណ្ដាល មូលដ្ឋានគ្រឹះឌីជីថលសម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ លើជំនាញភាសាអង់គ្លេសសម្រាប់បច្ចេកវិទ្យា, មូលដ្ឋានគ្រឹះកុំព្យូទ័រ, ពលរដ្ឋឌីជីថល, សុវត្ថិភាពអនឡាញ, គណិតវិទ្យា និងតក្កវិទ្យា, ការសរសេរកូដ (Coding), បញ្ញាសិប្បនិម្មិត(AI) និងការដោះស្រាយបញ្ហានានាជាដើម។ ក្រសួងគូសបញ្ជាក់ នៅក្នុងជំហានទី២ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដែលពង្រីកវិសាលភាពទៅកាន់សាលាបឋមសិក្សាគោលដៅថ្មីបន្ថែម១៨ទីតាំង បានធ្វើឱ្យការអនុវត្តកម្មវិធីសិក្សាថ្នាក់ជំនាញឌីជីថលនេះ កើនឡើងដល់៦០សាលាគោលដៅ គ្របដណ្ដប់លើ១៩ រាជធានី-ខេត្ត ទូទាំងប្រទេស ហើយមានសិស្សានុសិស្សសរុបចំនួនជិត១៨ម៉ឺននាក់ បានចូលសិក្សា។

ថ្លែងក្នុងឱកាសចូលរួមពិធីសម្ពោធ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានសំណូមពរដល់លោកគ្រូអ្នកគ្រូឌីជីថល សហការឱ្យបានជិតស្និទ្ធជាមួយនាយក នាយិកាសាលា ខិតខំថែរក្សាបរិក្ខារនៅក្នុងថ្នាក់រៀនឱ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់យូរអង្វែង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីថ្នាក់រៀនឌីជីថល។ លោកក៏សំណូមពរដល់មាតាបិតាអាណាព្យាបាលសិស្ស ជំរុញកូនៗមកចូលរៀនឱ្យបានទៀងទាត់ ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រជំនាញឌីជីថលនេះ ដើម្បីក្លាយជាមូលធនមនុស្សឌីជីថលប្រកបដោយសមត្ថភាពនៅថ្ងៃអនាគត៕




