ហ្វីលីពីនបង្គាប់ឱ្យមន្ត្រីធ្វើការតែ៤ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីសន្សំសំចៃប្រេង ខណៈតម្លៃឥន្ទនៈត្រៀមហក់ឡើងខ្លាំងដោយសារសង្គ្រាម
N
Nary Vann
08 មីនា 2026 08:00 AM

រដ្ឋធានីម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានប្រកាសដាក់ចេញនូវវិធានការរឹតបន្តឹងការចំណាយបន្ទាន់ ក្នុងនោះ ការប្តូរមកអនុវត្តការងារត្រឹម៤ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់ស្ថាប័នរដ្ឋទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។

លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ
លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការព្រមានថា តម្លៃប្រេងនៅក្នុងប្រទេសហ្វីលីពីន នឹងហក់ឡើងខ្ពស់មិនធ្លាប់មាននៅសប្តាហ៍ក្រោយ ដោយសារតែការបិទច្រកសមុទ្ទហ័រមូស្ស ដែលជាសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលថាមពលមួយនេះ។ សេចក្តីប្រកាសអំពីការអនុវត្តការងារ៤ថ្ងៃក្នុងមួយសប្តាហ៍ពីថ្ងៃចន្ទសប្តាហ៍ក្រោយ លើកលែងតែកម្លាំងនគរបាល ភ្នាក់ងារពន្លត់អគ្គិភ័យ និងសេវាជួរមុខ។ ក្រៅពីការកាត់បន្ថយថ្ងៃធ្វើការ លោក ម៉ាកូស ក៏បានបង្គាប់ឱ្យគ្រប់ភ្នាក់ងាររដ្ឋកាត់បន្ថយការប្រើប្រាស់ប្រេង និងអគ្គិភ័យឱ្យបានពី១០ ទៅ២០ភាគរយ ព្រមទាំងហាមឃាត់ការចុះកម្មសិក្សា ការងារជាក្រុម និងជំរុញឱ្យប្រជុំតាមអនឡាញវិញ។

ទន្ទឹមនោះ លោកក៏កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសភា ដើម្បីបញ្ចុះពន្ធសាំង និងផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ខណៈសន្តិសុខការងាររបស់ពលរដ្ឋហ្វីលីពីនជាង២លាននាក់នៅមជ្ឈិមបូព៌ា ក៏កំពុងស្ថិតក្នុងហានិភ័យដូចគ្នា។ លោក ម៉ាកូស បានថ្លែងទាំងក្តុកក្តួលថា៖«យើងគឺជាជនរងគ្រោះនៃសង្គ្រាម ដែលយើងមិនបានជ្រើសរើស ប៉ុន្តែយើងអាចគ្រប់គ្រងលើវិធីសាស្ដ្រការពារប្រជាជនហ្វីលីពីនរបស់យើង»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត