លោក ឃួង ស្រេង ជំរុញអាជ្ញាធរបន្តខិតខំបោសសម្អាតបទល្មើសស្កេមអនឡាញ ព្រោះជនល្មើសអាចជ្រកក្រោមទីតាំងដែលស្មានមិនដល់
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ត្រូវបន្តត្រួតពិនិត្យ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន...។

តាមផែនការរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ខណៈសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ​ ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ។ លោក ឃួង ស្រេង បានប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធ ថា កុំសន្តិភាព គិតថាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ ព្រោះពួកគេអាចជ្រកនៅទីតាំងដែលយើង​នឹក​ស្មាន​មិនដល់ ​ក៏អាច​ថាបាន​។«ដូច្នេះសូមអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ត្រួតពិនិត្យ និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង»។ លោកថ្លែងដូច្នេះ​ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៧ ខែមីនា​ ឆ្នាំ​២០២៦ នៅសាលារាជធានីភ្នំពេញ។

ទន្ទឹមគ្នា លោកអភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ នៅពេលអនុវត្តការងារនៃប្រតិបត្តិការបង្រ្កាប បោសសម្អាតបទល្មើសខាងលើ ត្រូវតែធ្វើការដោយម៉ត់ចត់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្តើមពីការធ្វេសប្រហែស។ ចំពោះអាជ្ញាធរខណ្ឌ ត្រូវធ្វើការណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌដូនពេញ ។ល។ មានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រ អាជ្ញាធរត្រូវចុះទៅសាកសួរសុខទុក្ខពួកគាត់ ហើយឆ្លៀតរកមើលបទល្មើសស្កេមអនឡាញផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាស៍ថា «យើងទទួលយកសេដ្ឋកិច្ចពណ៌-ស មិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅ ដាច់ខាត»។ កម្ពុជាប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីប្រទេស ហើយមិនមែនធ្វើតែមួយពេល តែនឹងបន្តធ្វើជាប់ជាប្រចាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត