មេខ្លោងឆបោកលុយ៧នាក់ ត្រូវតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ
ហាក់ អ៊ីឌី
4 ម៉ោងមុន

រាជធានី​ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនបរទេសចំនួន៧នាក់ ត្រូវបានស្ថាប័នតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន​ ក្រោមបទចោទប្រព្រឹត្តបទល្មើស​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ឬOnline Scams ដែល​ប្រព្រឹត្ត​ទៅនៅ​អគារ​ស្តា​ស៊ី​ធី ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៥ រហូត​មក​ដល់​ឆ្នាំ២០២៦...។

តាមរយៈ​ដីកា​សម្រេច​ចំនួន​៧​ផ្សេង​គ្នា​របស់​លោក ឡោ ក្រឹម ចៅក្រម​ស៊ើបសួរ នៃអយ្យការសាលាដំបូង​រាជធានី​ភ្នំពេញ ទើបទម្លាយនៅថ្ងៃទី០៨ ខែមីនានេះ បានគូសបញ្ជាក់ថា ការ​សម្រេច​ឃុំខ្លួន​ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ លើ​សំណុំរឿង​កសាង​ដោយ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួមមាន៖ ទី​១.ឈ្មោះ ហ្ស៊ី ពីង (XI BING) ជនជាតិ​ចិន, ទី​២.ឈ្មោះ ជិន ឡាង (CHEN LANG) ជនជាតិ​ចិន, ទី​៣.ឈ្មោះ ហ្សៀ ចៅ (XIA CHAO) ជនជាតិ​ចិន, ទី​៤.ឈ្មោះ ណាន ឡាំង (NAN LIANG) ជនជាតិ​ចិន, ទី​៥.ឈ្មោះ Fហ្វាន ឡី (AN LEI) ជនជាតិ​ចិន, ទី​៦.ឈ្មោះ គីរ៉ាន់ កុមា របាយយ៉ាក (KIRAN KUMA RBAYAK) ជនជាតិ​នេ​ប៉ា​ល់, និង​ទី​៧.ឈ្មោះ មូដហ៍ សាគីប (MOHD SAKIB) ជនជាតិ​ឥណ្ឌា។

ជាមួយគ្នា មេខ្លោងទាំង​៧​នាក់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ជា​ក្រុម​មានការ​ចាត់តាំង ដែល​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៧៧ និង​មាត្រា ៣៨០ ចំណុច​ទី​៥ នៃ​ក្រមព្រហ្មទណ្ឌ។ សូមជម្រាបថា យោងមាត្រា ៣៨០ ចំណុច​ទី​៥ នៃ​ក្រមព្រហ្មទណ្ឌ អំពើបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅឆ្នាំ៥។ ដូច្នេះ យោងតាមច្បាប់កម្ពុជា ក្នុងសំណុំរឿង១ បើជនល្មើសត្រូវចោទប្រកាន់២បទល្មើស ឬច្រើនជាង២ គឺមិនកាត់ទោសទៅតាមបទល្មើសទាំងអស់នោះទេ ដោយក្នុងចំណោមបទល្មើសទាំងនោះ តុលាការនឹងជ្រើសយកបទល្មើសណាមួយមានទោសច្រើនជាងគេ ដើម្បីកាត់ទោសលើជនល្មើស វិធាននេះ ហៅថា ការ​ស្រូប​ទោស។ ការស្រូបទោស គឺជា​វិធាន​មួយ​ដែល​គេ​ប្រើ​ក្នុង​ការ​ប្រកាស​ទោស​រួម​នៃ​បទល្មើស​ត្រួត​គ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត