
រាជធានីភ្នំពេញ៖ ក្រោយរកឃើញទីតាំងឃ្លាំងអេតចាយស្តុកសំណល់ខុសច្បាប់មួយនៅខេត្តកំពង់ស្ពឺ បានឆេះ បង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពពលរដ្ឋ។ កាលពីថ្ងៃទី៧មីនា ឆ្នាំ២០២៦ ក្រសួងបានចេញបទបញ្ជាដល់មន្ទីរបរិស្ថានរាជធានី–ខេត្ត ចុះពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស...។

មន្ត្រីក្រសួងបរិស្ថាន គូសបញ្ជាក់ថា ការចេញបញ្ជាឱ្យពិនិត្យទូទាំងប្រទេសនេះ មានគោលបំណងពង្រឹងការតាមដានបរិស្ថាន និងធានាថា សកម្មភាពគ្រប់គ្រងសំណល់ មិនបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ លើសពីនេះ ដើម្បីបង្ការហានិភ័យដូចជា អគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនបានត្រឹមត្រូវ ដែលអាចកើតមាននៅទីតាំងស្តុកសំណល់គ្មានការគ្រប់គ្រងត្រឹមត្រូវ។

តាមការណែនាំ មន្ទីរបរិស្ថានរាជធានី–ខេត្ត ត្រូវចុះត្រួតពិនិត្យ និងរៀបចំរបាយការណ៍អំពីទីតាំងស្តុក និងកែច្នៃសំណល់អេតចាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការត្រួតពិនិត្យ ផ្តោតលើការអនុវត្តតាមបទដ្ឋានបរិស្ថាន រួមមាន៖ ការស្តុកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការទទួលបានលិខិតអនុញ្ញាតបរិស្ថានត្រឹមត្រូវ។ ក្រសួងបរិស្ថាន សង្កត់ធ្ងន់ថា ម្ចាស់ទីតាំងណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន អាចប្រឈមមុខនឹងវិធានការរដ្ឋបាល ឬចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា៕



