មន្រ្តីជំនាញរកឃើញរោងចក្រផលិតអាលុយមីញូមធំមួយនៅស្វាយរៀង បញ្ចេញសំណល់រាវកខ្វក់បំពុលទឹក
L
Linda Sorn
2 ម៉ោងមុន

ក្រុងស្វាយរៀង៖ ក្រុមការងារជំនាញ នៃក្រសួងបរិស្ថាន ចុះស្រាវជ្រាវរកឃើញរោងចក្រកែច្នៃអាលុយមីញ៉ូម ឈ្មោះ ជេធី អាលុយមីញូម អ៊ិនដាសស្រ្ទី ខេមបូឌា មានទីតាំងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានបញ្ចេញសំណល់រាវ ធ្វើឱ្យប៉ះពាល់ការគុណភាពប្រភពទឹកសាធារណៈ។

ក្រសួងបរិស្ថាន បានឱ្យដឹងថា តំណាងរដ្ឋបាលក្រុងបាវិត មន្ទីរបរិស្ថានខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវរកឃើញ កាលពីថ្ងៃទី៦មីនា ឆ្នាំ២០២៦ ដោយរោងចក្រ បានដំណើរការផលិតកម្ម ដោយមិនទាន់មានឯកសារលើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានធ្វើការទុកដាក់សំណល់ភក់ និងការបញ្ចេញសំណល់រាវ ពុំបានត្រឹមត្រូវ តាមបទដ្ឋានបរិស្ថាន និងនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ស្ថានភាពទឹកប្រឡាយមានពណ៌ខ្មៅ និងមានក្លិនស្អុយ។ ក្រុមការងារថែមទាំងពិនិត្យតាមដងប្រឡាយ និងរកឃើញប្រព័ន្ធលូជាច្រើនចេញពីបណ្ដាក្រុមហ៊ុន ដែលកំពុងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក តភ្ជាប់ចូលក្នុងប្រឡាយ។ ​ក្រុមការងារជំនាញក៏បានយកសំណាកសំណល់រាវ និងសំណាកទឹក នៅក្នុងប្រឡាយទឹកចំនួនសរុប៦សំណាក មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន និងតាមដានបន្ថែមករណីមានត្រីងាប់ នៅក្នុងប្រឡាយភាគខាងត្បូង ក្បែរទីតាំងក្រុមហ៊ុន ផងដែរ។

ជាចំណាត់ការ ក្រសួងបានសម្រេចឱ្យក្រុមហ៊ុនផ្អាកដំណើរផលិតកម្មជាបណ្តោះអសន្ន និងត្រូវបញ្ឈប់ការបង្ហូរសំណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន ពន្លឿនការស្នើសុំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវរៀបចំលិខិតអនុញ្ញាត ពាក់ព័ន្ធទាក់ទងនឹងវិស័យបរិស្ថានឱ្យបានត្រឹមត្រូវ ជាពិសេសលើការគ្រប់គ្រងសំណល់រឹង រាវ ដើម្បធានាភាពស្អាត និងមិនប៉ះពាល់សុខភាពបរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត