
ខេត្តកំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី៧មីនានេះ ប្រកាសអនុវត្តច្បាប់ លើម្ចាស់ទីតាំងស្តុកសំណល់អេតចាយខុសច្បាប់លើផ្ទៃដីប្រហែល១,៥ហិកតា ស្ថិតនៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណាត់ការនេះ ធ្វើឡើងក្រោយក្រសួងបរិស្ថាន ស៊ើបអង្កេតឃើញអាជីវកម្មស្តុកសំណល់អេតចាយដែលបង្កអគ្គិភ័យ និងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរនេះ មិនមានច្បាប់ត្រឹមត្រូវ។

លោក អ៊ាង សុផល្លែត បង្ហោះសំណេរលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយពណ៌នាថា ឃ្លាំងអេតចាយនេះ ប្រមូលទិញសំណល់រឹងសម្រាប់កែច្នៃ ដោយមិនមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន។ មន្ត្រីជំនាញបញ្ជាក់ថា ក្នុងទីតាំងមានស្តុកទុកខ្សែអគ្គិសនី និងខ្សែកាបអគ្គិសនីរាប់សិបតោន, សំណល់យន្តហោះខូច១គ្រឿង, លោហធាតុចាស់ជាច្រើន, ម៉ាស៊ីនបោកគក់, ម៉ាស៊ីនត្រជាក់ចាស់ៗ, កុងតឺន័រចាស់, ម៉ូតូ ម៉ូតូកង់បី និងយានយន្តចាស់ៗ។

តាមលោករដ្ឋមន្ត្រី អគ្គិភ័យបានឆាបឆេះឃ្លាំស្កុកអេតចាយនេះ តាំងតែពីម៉ោង ៣រសៀលថ្ងៃទី៥ រហូតមកដល់ថ្ងៃទី៧មីនានេះ នៅតែមិនទាន់អាចគ្រប់គ្រងស្ថានការបានទាំងស្រុងឡើយ បង្កឱ្យមានផ្សែងខ្មៅក្រាស់ និងក្លិនឈ្ងៀមឆួលខ្លាំង បើទោះបីជាមានកងកម្លាំងនគរបាល និងអាវុធហត្ថខេត្តចុះអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ និងពន្លត់ភ្លើងក៏ដោយ។ ក្រសួងបរិស្ថាន រំឭកដល់សាធារណជនថា ការស្តុកសំណល់រឹងខុសច្បាប់អាចបង្កហានិភ័យអគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនត្រឹមត្រូវ ដែលអាចនាំឱ្យមានវិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង៕





