
រាជធានីភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម (ក.ប.ប) និងគ្រប់ភាគីពាក់ព័ន្ធនៅទូទាំងប្រទេស អះអាងថា កំពុងបន្តឃ្លាំមើល និងតាមដានយ៉ាងយកចិត្តទុកដាក់លើគ្រប់ស្ថានីយប្រេងឥន្ធនៈនានា ដើម្បីបង្ការការដំឡើងថ្លៃហួសហេតុ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ករណីជាក់ស្តែង! កាលពីថ្ងៃទី៦មីនា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យតម្លៃប្រេងតាមស្ថានីយ-ដេប៉ូនានា ហើយរកឃើញទីតាំងមួយចំនួនលក់ដំឡើងថ្លៃ ហើយត្រូវណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់។ វិធានការរបស់អាជ្ញាធរកម្ពុជា កើតឡើងស្របពេលបណ្តាប្រទេសជាច្រើនលើពិភពលោក កំពុងជួបបញ្ហាប្រេង ដោយសារផលវិបាកនៃសង្គ្រាមដ៏ខ្លាំងក្លានៅមជ្ឈិមប៉ូព៌ាបង្កឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួនដដែល ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណជន ពិសេសក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមរាជធានី-ខេត្ត ត្រូវអនុវត្តតាមលក្ខណៈស្ដង់ដារបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តស្របតាមស្ដង់ដារ និងក្រមប្រតិបត្តិដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ជាមួយគ្នានេះ ក្រសួងប្រាប់ឱ្យពលរដ្ឋចូលរួមអនុវត្ត និងចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈ ស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ ព្រមទាំងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមគ្នា មន្ត្រីជំនាញក.ប.ប និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែរាជធានី-ខេត្ត ក៏កំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីជំរុញឱ្យស្ថានីយប្រេងឥន្ធនៈ អនុវត្តឱ្យបានគត់មត់ តាមលក្ខណៈស្ដង់ដារបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ ខុសប្រក្រតី។ ក្នុងន័យនេះ ក្រសួងជំរុញធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ឱ្យអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕





