
រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ៨មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យគ្រប់ក្រសួងស្ថាប័ន និងពលរដ្ឋ រួមគ្នាផ្តល់តម្លៃឱ្យស្ត្រី និងទប់ស្កាត់អំពើហិង្សាគ្រប់ប្រភេទមិនឱ្យកើតមានលើស្ត្រី។

ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ តាមរយៈសារលិខិត សម្តេចធិបតី ចាត់ទុកស្ត្រី គឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។ សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ និងសមធម៌ ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។

ដើម្បីសម្រេចបានគុណតម្លៃ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ សម្តេចណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តវិនិយោគលើស្ត្រី និងសមភាពយេនឌ័រនៅក្នុងក្របខ័ណ្ឌគោល នយោបាយជាតិ និងកម្មវិធីតាមវិស័យជាប្រព័ន្ធ។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា៖«ក្រសួងកិច្ចការនារី ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តរួមគ្នាលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាពកម្មវិធីមាតាបិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន ព្រមទាំងពង្រីកវប្បធម៌អហិង្សា ដើម្បីកសាងគ្រួសារ និងសង្គមឱ្យមានភាពសុខដុមរមនា មានសន្តិភាព និងសន្តិសុខពេញលេញ»។

ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាពសេវាឆ្លើយតប ជាពហុវិស័យជួយជនរងគ្រោះ និងការផ្ដល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ។ ជាមួយគ្នានោះ សម្តេចក៏ស្នើឱ្យក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពង្រីកវិសាលភាព នៃការអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គមឱ្យដល់ក្រុមជនងាយរងគ្រោះ និងជនបាត់បង់ឱកាសផ្សេងៗនៅក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងគាំទ្រសុខុមាលភាពមាតានិងទារក ដើម្បីធានាបានលើការសម្រេចនូវការគ្របដណ្ដប់ សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌៕




