ចិន ឧបត្ថម្ភបរិក្ខាពេទ្យ និងជួយសាងសង់អគារវេជ្ជសាស្ត្រថ្មី ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិ លើគម្រោងធ្វើឱ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុប្រសើរឡើង ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ធ្វើឡើងកាលពីថ្ងៃទី៥មីនា ឆ្នាំ២០២៦។ ក្រសួងបានឱ្យដឹងថា គម្រោងធ្វើឱ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុប្រសើរឡើង មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្ដល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។ គម្រោងនេះគ្របដណ្ដប់លើការងារសំខាន់ៗរួមមាន៖ សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានគ្រែសរុបចំនួន២០០គ្រែ និងអគារទំហំសរុបចំនួន១,៤ម៉ឺនម៉ែត្រការ៉េ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ដែលតែងតែឈរ ជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។ លោកចាត់ទុក ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលកំពុងរួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត