អ៊ីស្រាអែលសម្រុកទម្លាក់គ្រាប់បែកលើរដ្ឋធានីតេហេរ៉ង់ ខណៈ ត្រាំ បង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ដោយឥតលក្ខខណ្ឌ
ហៀប ស៊ីថេត
16 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ នៅថ្ងៃសៅរ៍ទី៧ ខែមីនា ស្ថានការណ៍សង្គ្រាមរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងរបបតេហេរ៉ង់​ បានឈានដល់ដំណាក់កាលវាយប្រហារទ្រង់ទ្រាយធំ ដោយកងទ័ពអាកាសអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារថ្មីលើគោលដៅរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការបាញ់ប្លោងចំអាកាសយានដ្ឋានអន្តរជាតិមេហ៍រ៉ាប៊ែត (Mehrabad) ផងដែរ។

បញ្ជាការដ្ឋានយោធាកណ្តាលអាម៉េរិក (ឬ CENTCOM) បានបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ គោលដៅរបស់អ៊ីរ៉ង់ជាង៣០០០កន្លែងត្រូវបានកម្ទេច រួមមាន៖ ទីស្នាក់ការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រព័ន្ធការពារអាកាស មូលដ្ឋានមីស៊ីល និងនាវាចម្បាំង។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងសំដៅមូលដ្ឋានទ័ពអាកាសព្រីនស៊ុលតង់ (Prince Sultan) ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទ័ពអាម៉េរិកស្នាក់នៅ ប៉ុន្តែត្រូវបានប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់ទាន់ពេល។ ចំនួនជនស៊ីវិលស្លាប់នៅអ៊ីរ៉ង់បានកើនឡើងដល់ជាង១៣០០នាក់ ខណៈលីបង់មានមនុស្សយ៉ាងហោចណាស់ជាង២០០នាក់បានស្លាប់ ហើយសូម្បីតែមន្ត្រីរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក៏រងរបួសក្នុងមហន្តរាយនៃសង្គ្រាមនេះដែរ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ៗលើបណ្ដាញ Truth Social ថា៖«...គ្មានការចរចាណាមួយជាមួយអ៊ីរ៉ង់ឡើយ លើកលែងតែរបបតេហេរ៉ង់ចុះចាញ់ដោយឥតលក្ខខណ្ឌតែប៉ុណ្ណោះ!»។ លោក ត្រាំ ក៏បានសន្យាថានឹងជួយស្រោចស្រង់សេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ ប្រសិនបើមានការតែងតាំងមេដឹកនាំកំពូលថ្មី ដែលអាម៉េរិកអាចទទួលយកបាន។ ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអំពាវនាវរបស់លោក ត្រាំ ខណៈឯកអគ្គរដ្ឋទូតរូបនេះបានចាត់ទុកថា ការជ្រើសរើសអ្នកដឹកនាំគឺជាសិទ្ធិផ្តាច់មុខរបស់ប្រជាជនអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត