ខេត្តរតនគិរី បិទការលក់សាំងដាក់កានស្តុកទុក និងកំណត់ត្រឹម១០០លីត្រសម្រាប់រថយន្តធំក្នុង១លើក
អុន សម្ផស្ស
15 ម៉ោងមុន

ក្រុងបានលុង៖ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី នៅល្ងាចថ្ងៃទី៦មីនានេះ បានជូនដំណឹងដល់គ្រប់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងខេត្ត ត្រូវអនុវត្តវិធានការមួយចំនួន ដើម្បីជៀសវាងបញ្ហាដាច់ស្តុកប្រេង...។

មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានណែនាំឱ្យម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ត្រូវអនុវត្តវិធានការគ្រប់គ្រងការចាក់ប្រេងឱ្យបានតឹងរឹង ដោយជៀសវាងការចាក់ប្រេងដាក់កាន ឬពុយ។ ចំណែកយានយន្តធំៗ(Truck)ដែលចូលចាក់ប្រេងត្រូវកំណត់បរិមាណមិនឱ្យលើសពី១០០លីត្រក្នុងមួយលើក ជៀសវាងការលក់សម្រាប់អ្នកដែលព្យាយាមទិញយកស្តុកទុក។ ការដាក់បទបញ្ជារបស់មន្ទីរពាណិជ្ជកម្មធ្វើឡើង ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ក្នុងអំឡុងពេលតម្រូវការប្រេងកំពុងកើនឡើងខ្ពស់។   

ទន្ទឹមគ្នា មន្ទីរពាណិជ្ជកម្មអះអាងថា វិធានការទាំងនេះ ត្រូវអនុវត្តដើម្បីធានាថា ស្ថានីយប្រេងក្នុងខេត្តអាចគ្រប់គ្រងការស្តុកឱ្យបានល្អ និងជៀសវាងបញ្ហាដាច់ស្តុក ដែលអាចកើតមានឡើងដោយតម្រូវការកើនឡើងខ្ពស់ ពាក់ព័ន្ធនឹងបញ្ហាសកល និងការបិទប្រតិបត្តិការរបស់ស្ថានីយមួយចំនួននៅក្នុងស្រុក។ ក្នុងន័យនេះ មន្ទីរណែនាំឱ្យម្ចាស់ស្ថានីយ និងដេប៉ូប្រេង ផ្ដល់អាទិភាពក្នុងការរក្សាស្តុក សម្រាប់បម្រើអតិថិជនជាប្រចាំ និងត្រូវតាមដានស្ថានភាពស្តុកនៅស្ថានីយឱ្យបានជាប្រចាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត