
ក្រុងក្រចេះ៖ អភិបាលរងខេត្តក្រចេះ លោក ហេង សុថា បានណែនាំឱ្យពលរដ្ឋក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលគ្មានដីសម្រាប់សង់ផ្ទះរស់នៅពិតប្រាកដ ទៅដាក់ពាក្យស្នើសុំដីសម្បទានដែលផ្ដល់ជូនដោយរដ្ឋ និងត្រូវបញ្ឈប់ការទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់តាមគ្រប់រូបភាព…។

ការណែនាំដូច្នេះ ក្នុងឱកាសអភិបាលរងខេត្តដឹកនាំក្រុមការងារខេត្ត-ស្រុក ចុះពិនិត្យការចូលរំលោភទន្ទ្រានកាន់កាប់ឡូត៍ដីកសិកម្ម ពីសំណាក់ប្រជាពលរដ្ឋដែលមិនមែនជាមុខសញ្ញាទទួលដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ នៅចំពោះមុខផ្ទាល់ លោក ហេង សុថា បានប្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ទៅដាក់ពាក្យស្នើសុំដីសម្បទាននៅសាលាឃុំដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់ ដើម្បីទទួលបានដីស្របច្បាប់ដែលផ្ដល់ជូនដោយរដ្ឋ។

ដើម្បីឱ្យដំណើរការគ្រប់គ្រងដីរដ្ឋប្រកបដោយប្រសិទ្ធភាព រក្សាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ក៏បានចេញសេចក្តីជូនដំណឹងដល់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរ ជាពិសេស ប្រជាពលរដ្ឋដែលបាននិងកំពុងចូលទន្ទ្រាន និងកាន់កាប់ដីរដ្ឋខុសច្បាប់ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ត្រូវបញ្ឈប់នូវរាល់ការចូលកាន់កាប់ និងទន្ទ្រានយកដីរដ្ឋគ្រប់រូបភាពដោយខុសច្បាប់។ ត្រូវរុះរើសម្ភារ រោង ខ្ទមដែលបានសង់រួចចេញពីបរិវេណឡូតិ៍ដីសម្បទានសង្គកិច្ច ចាប់ពីថ្ងៃទី៥មីនា រហូតដល់ថ្ងៃទី១០មីនា ឆ្នាំ២០២៦ជាកំហិត មិនដូច្នោះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ៕






