
រាជធានីភ្នំពេញ៖ បណ្តាខណ្ឌសរុបចំនួន៧ក្នុងរាជធានីភ្នំពេញ នឹងមានបញ្ហាទឹកខ្សោយចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដោយសាររោងចក្រផលិតទឹកស្អាតបាក់ខែង ស្ថិតនៅខណ្ឌជ្រោយចង្វា ផ្អាកដំណើរការផលិតកម្ម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ…។

តាមរយៈសេចក្តីប្រកាសនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា ការផ្អាកដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាតទាំងស្រុងរបស់រោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វា ដោយមូលអគ្គិសនីកម្ពុជាផ្អាកការផ្គត់ផ្គង់ថាមពល ក្នុងអំឡុងពេលជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ ដូច្នេះ ក្នុងពេលផ្អាកការផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់រោងចក្រនេះ នឹងបណ្ដាលឱ្យមានការថយចុះសម្ពាធទឹកនៅតាមតំបន់ក្នុង ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ។ ចំពោះមុខបញ្ហានេះ រដ្ឋាករទឹកសូមការយោគយល់អធ្យាស្រ័យដោយក្ដីអនុគ្រោះពីសាធារណជន៕




