បង្កើតភ្លាម ចេញផ្លែផ្កាភ្លាម!​ ក្រុមប្រឹក្សាសន្តិភាព ត្រៀមកញ្ចប់ថវិកា៧ពាន់លានដុល្លារ និងកម្លាំងទ័ព ដើម្បីស្រោចស្រង់តំបន់ហ្កាហ្សាឡើងវិញ
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សមាជិក៩ប្រទេសនៃស្ថាប័នដែលទើបប្រសូតមួយនេះ បានយល់ព្រមសន្យាផ្តល់ជំនួយចំនួន៧ពាន់លានដុល្លារអាម៉េរិកសម្រាប់កញ្ចប់ជំនួយសង្គ្រោះនៅហ្កាហ្សា ហើយប្រទេសចំនួន៥ផ្សេងទៀត បានយល់ព្រមដាក់ពង្រាយកងទ័ពដើម្បីចូលរួមក្នុងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិទៅកាន់ទឹកដីប៉ាឡេស្ទីន ដែលកំពុងរងការបំផ្លិចបំផ្លាញយ៉ាងដំណំដោយភ្លើងសង្គ្រាម...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ឥណ្ឌូណេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន កូសូវ៉ូ និងអាល់បានី បានសន្យាថា នឹងបញ្ជូនកងទ័ពដើម្បីជាកម្លាំងស្ថិរភាពហ្កាហ្សា ខណៈអេហ្ស៊ីប និងហ្ស៊កដានី ប្តេជ្ញាបណ្ដុះបណ្ដាលក្រុមប៉ូលិសសម្រាប់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ដំបូងឡើយ កងទ័ពនឹងត្រូវបានដាក់ពង្រាយទៅកាន់ច្រករ៉ាហ្វា ដែលជាជម្រកប្រជាជនដ៏សំខាន់មួយ ដែលរដ្ឋបាលអាម៉េរិកសង្ឃឹមថានឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញមុនគេ។ ទន្ទឹមនឹងនេះ ប្រទេសកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អេមីរ៉ាត់អារ៉ាប់រួម ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត គឺជាប្រទេសដែលកំពុងធ្វើកិច្ចសន្យាលើផ្តល់កញ្ចប់ជំនួយសង្គ្រោះនៅហ្កាហ្សា ខណៈលោក ត្រាំ បានសង្កត់ធ្ងន់ថា ៖«រាល់ប្រាក់ដុល្លារដែលបានចំណាយគឺជាការវិនិយោគលើស្ថិរភាព និងក្ដីសង្ឃឹមនៃតំបន់ថ្មី និងភាពសុខដុមរមនា។ ក្រុមប្រឹក្សាសន្តិភាព កំពុងបង្ហាញឱ្យឃើញថា អនាគតដ៏ល្អប្រសើរមួយ អាចត្រូវបានកសាងឡើង ចាប់ផ្តើមចេញពីក្នុងបន្ទប់នេះផ្ទាល់តែម្ដង»។

លោក ត្រាំ បានបន្ថែមថា ទោះបីជាចំនួនទឹកប្រាក់ដែលបានសន្យាផ្តល់ឱ្យនោះមានច្រើនក៏ពិតមែន ប៉ុន្តែវានៅតែជាផ្នែកតូចមួយប៉ុណ្ណោះ បើធៀបទៅនឹងកញ្ចប់ថវិកាសរុបប្រមាណ៧០ពាន់ដុល្លារ ដើម្បីកសាងទឹកដីប៉ាឡេស្ទីនឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយសង្គ្រាមអស់រយៈពេល២ឆ្នាំមកនេះ។ លោក ត្រាំ ក៏បានប្រកាសផងដែរថា សហរដ្ឋអាម៉េរិកកំពុងសន្យាផ្តល់ប្រាក់ចំនួន១០ពាន់លានដុល្លារអាម៉េរិកសម្រាប់ក្រុមប្រឹក្សាសន្តិភាព ប៉ុន្តែមិនបានបញ្ជាក់ថា ប្រាក់នោះនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើអ្វីនោះទេ។ ជាមួយគ្នានេះ ចាស្ពើរ ចេហ្វើស៍ (Jasper Jeffers) មេដឹកនាំកងកម្លាំងស្ថិរភាពអន្តរជាតិរបស់អង្គការដែលទើបបង្កើតថ្មីនេះ បានលើកឡើងថា ផែនការនេះអំពាវនាវឱ្យមានប៉ូលិសចំនួន១,២ម៉ឺននាក់ និងទាហានចំនួន២ម៉ឺននាក់សម្រាប់ការដាក់ពង្រាយតំបន់ហ្កាហ្សា។ លោកបានសង្កត់ធ្ងន់ថា ៖«ជាមួយនឹងជំហានដំបូងទាំងនេះ យើងជួយនាំមកនូវសន្តិសុខដែលតំបន់ហ្កាហ្សាត្រូវការសម្រាប់អនាគតនៃវិបុលភាព និងសន្តិភាពដ៏យូរអង្វែង»។ សូមជម្រាបថា ក្រុមប្រឹក្សានេះត្រូវបានផ្តួចផ្តើមឡើងដើម្បីជាផ្នែកមួយនៃផែនការសន្តិភាព២០ចំណុចរបស់លោក ត្រាំ ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សានៅតែផុយស្រួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត