
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ឬ(Board of Peace) នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែកុម្ភៈនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈចៅហ្វាយសេតវិមានរូបនេះ ប្រកាសថា រដ្ឋសមាជិកបានសន្យាផ្តល់ប្រាក់ជាង៥ពាន់លានដុល្លារសម្រាប់ការកសាងឡើងវិញ និងគាំទ្រជំនួយមនុស្សធម៌នៅហ្កាហ្សា...។

អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន លេវីតត៍ (Karoline Leavitt) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធទី១៨កុម្ភៈថា ប្រទេសជាង២០នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ហើយរដ្ឋសមាជិកបានប្តេជ្ញាផ្តល់បុគ្គលិករាប់ពាន់នាក់ សម្រាប់ជាកងកម្លាំងស្ថិរភាពអន្តរជាតិនៅហ្កាហ្សា។ យ៉ាងណា នៅពេលសួរអំពីការសម្រេចចិត្តរបស់បុរីវ៉ាទីកង់ មិនចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ លោកស្រី លេវីតត៍ បានលើកឡើងថា៖«ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង»។ គេនៅចាំបានថា លោក ត្រាំ បានចុះហត្ថលេខាលើឯកសារនៅទីក្រុងដាវ៉ូស (Davos) នៃប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែមករា ដើម្បីប្រថាប់ត្រា បង្កើតក្រុមប្រឹក្សាសន្តិភាព ខណៈការបង្កើតក្រុមប្រឹក្សានេះ ត្រូវបានគាំទ្រដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃផែនការហ្កាហ្សារបស់លោក ត្រាំ។

«ប្រធានាធិបតីមានផែនការ និងចក្ខុវិស័យដ៏ម៉ឺងម៉ាត់ និងមហិច្ឆតាកសាង និងស្តារឡើងវិញនៃតំបន់ហ្កាហ្សា ដែលកំពុងដំណើរការបានយ៉ាងល្អ ដោយសារក្រុមប្រឹក្សាសន្តិភាព។ នេះជាអង្គការស្របច្បាប់ ដែលមានសមាជិករាប់សិបប្រទេសមកពីជុំវិញពិភពលោក» នេះជាសម្តីរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី លេវីតត៍។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានអះអាងផងដែរថា ក្រុមប្រឹក្សានេះ មិនមែនត្រឹមតែដោះស្រាយវិបត្តិនៅតំបន់ហ្កាហ្សាទេ ប៉ុន្តែអង្គការនេះនឹងពង្រីកដើម្បីដោះស្រាយជម្លោះសកល។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដឹកគណៈប្រតិភូ អញ្ជើញទៅចូលរួមជាសមាជិកស្ថាបនិក ឬ(non-permanent founding member) នៃក្រុមប្រឹក្សាសន្តិភាពនេះ តបតាមការអញ្ជើញរបស់លោក ត្រាំ។ លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹងធ្វើកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំអាម៉េរិក និងបណ្តាប្រទេសផ្សេងទៀត ព្រមទាំងបន្តទស្សនកិច្ចទៅកាន់អឺរ៉ុបដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិថែមទៀត៕




