មុខសញ្ញាលក់ឆ្នោតកោសអនឡាញ ត្រូវប៉ូលិសក្របួចទៅតុលាការ
ហាក់ អ៊ីឌី
18 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញផ្នែកឌីជីថល ចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពលក់ឆ្នោតកោសអនឡាញខុសច្បាប់....។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ និងបង្ក្រាបលើករណីបង្ហោះផ្សព្វផ្សាយលក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានទំព័រហ្វេសប៊ុកឈ្មោះ Win Scratch Asia 666 ដែលផ្ទុយទៅនឹងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ព្រមទាំងឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ជាជនសង្ស័យ។ 

តាមរយៈការស្រាវជ្រាវរបស់មន្ត្រីជំនាញ បានរកឃើញថា ជនសង្ស័យរូបនេះ បានផ្តល់គណនីធនាគារ (ABA) និងលេខទូរសព្ទរបស់ខ្លួន ជួលឱ្យទៅក្រុមជនល្មើស ដើម្បីយកទៅប្រព្រឹត្តសកម្មភាពខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ជាមួយគ្នា នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការឱ្យអ្នកដទៃជួល គ្រប់គ្រង ឬខ្ចីគណនីធនាគារ និងលេខទូរសព្ទរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត