ព្រះមហាក្សត្រ និងសម្ដេចហ្លួងម៉ែ ព្រះរាជទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារជូនកាកបាទក្រហម បម្រើក្នុងសកម្មភាពមនុស្សធម៌
S
Soriya Sou
06 មីនា 2026 07:04 AM

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់បម្រើក្នុងសកម្មភាពមនុស្សធម៌ នាឱកាសខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦…។

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើ ត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនានេះ។ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏ខ្ពង់ខ្ពស់ថ្លៃថ្លារបស់ព្រះមហាក្សត្រ និងសម្ដេចហ្លួងម៉ែ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្ត្រងាយរងគ្រោះបំផុត, ជនទីទ័លក្រលំបាក, ជនពិការ, ជាពិសេសប្រជារាស្ត្រភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។

បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ នៅព្រឹកថ្ងៃដដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានក្រាបបង្គំទូលថ្វាយនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងសព្វព្រះរាជហឫទ័យដ៏ជ្រះថ្លា ប្រោសព្រះរាជូបត្ថម្ភប្រចាំឆមាស និងរៀងរាល់ទិវា «៨ឧសភា» ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ តាមជួយតាមថែរក្សាព្រះអង្គទាំងទ្វេ ជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត