
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចទាំងទ្វេនឹងយាងពីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៦ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព…។

យោងតាមព្រះរាជសារ ត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៦កុម្ភៈនេះ បញ្ជាក់ថា នៅក្នុងឱកាសអវត្តមាននៃអង្គព្រះមហាក្សត្រនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះរាជកិច្ចក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ អំឡុងពេលព្រះអវត្តមានអង្គព្រះមហាក្សត្រ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានថ្វាយព្រះពរ និងជូនពរដល់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងជនរួមជាតិទាំងអស់ សូមប្រកបតែសេចក្ដីសុខកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបថា អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ទាំងទ្វេ តែងស្តេចយាងពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ជារៀងរាល់៦ខែម្ដង៕





