សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ព្រះរាជទានព្រះរាជដំណាក់ចំនួន២ជូនរាជរដ្ឋាភិបាល
S
Soriya Sou
09 វិច្ឆិកា 2025 04:05 AM

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្វាយសារលិខិតរួមគ្នា ក្រាបបង្គំទូលថ្វាយសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យ ប្រទានព្រះរាជដំណាក់ចំនួនពីរ «ព្រះរាជដំណាក់ទក្សិណ និងរាជដំណាក់ព្កុល» ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ...។

សារលិខិតរួមគ្នា ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រ យ៉ាងដូច្នេះថា៖«ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបរិច្ចាគ និងលះបង់គ្រប់បែបយ៉ាងជូនប្រជារាស្ត្រកម្ពុជា។ ជាមួយនឹងព្រះរាជហឫទ័យ ជឿទុកចិត្តពីសំណាក់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំជួសជុលកែលម្អ ថែរក្សាព្រះរាជដំណាក់ទាំងពីរខាងលើ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ»។

«ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ»។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨វិច្ឆិកា ម្សិលមិញ ទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជទានជូនរាជរដ្ឋាភិបាលកម្ពុជា នូវព្រះរាជដំណាក់ចំនួនពីរ គឺ «ព្រះរាជដំណាក់ទក្សិណ និងព្រះរាជដំណាក់ព្កុល»។ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលមានសិទ្ធិក្នុងការជួសជុលកែលម្អ ថែរក្សា ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី២៤៥ ទំហំ២៨៤៣ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២០២០៧០៣-០២៤៥ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្តមពីព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ 

«ចំណែក ព្រះរាជដំណាក់ព្កុល លេខក្បាលដី១៥១ ទំហំ៣៥៣៩ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០១៥១ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពេលដែលអស់ពីខ្ញុំទៅ សូមជូនរាជរដ្ឋាភិបាលកម្ពុជា ថែរក្សាធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្តមអំពីខ្ញុំ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត