
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ពុំអាចបំពេញព្រះរាជកិច្ចទទួលជួប លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម បានទេ ដោយសារព្រះអង្គទ្រង់មានប្រឈួន…។

តាមពិតទៅ នៅព្រឹកថ្ងៃទី៦មករា ឆ្នាំ២០២៦នេះ ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យ រាជានុញ្ញាតឱ្យលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម ចូលគាល់ ដើម្បីធ្វើសវនាការនៅព្រះបរមរាជវាំង។ ប៉ុន្តែមុននេះបន្តិច ក្រសួងព្រះបរមរាជវាំង បានជូនដំណឹងថា ព្រះមហាក្សត្រជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់ព្រះប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបានទេ។ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទទួលក្នុងព្រះបរមនាមជាប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងនៅក្នុងព្រះបរមរាជវាំង។

សូមជម្រាបថា ពីដំបូង ក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃនៅកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម ត្រូវអញ្ជើញចូលគាល់ អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ទាប់មក ទើបមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕




