អង់គ្លេសបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅកាន់កាតា និងពង្រឹងការការពារនៅកោះស៊ីប ក្រោយរងការវាយប្រហារដោយដ្រូន
N
Nary Vann
មួយថ្ងៃមុន

រាជធានីឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា​ ស្តាមឺ បានប្រកាសបញ្ជូនយន្តហោះចម្បាំងប្រភេទ Typhoon ចំនួន៤គ្រឿងបន្ថែមទៀត ទៅកាន់ប្រទេសកាតា ពង្រឹងប្រតិបត្តិការការពារជាតិនៅតំបន់ឈូងសមុទ្ទ ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងរីករាលដាលកាន់តែខ្លាំង...។

លោក ឃា​ ស្តាមឺ
លោក ឃា​ ស្តាមឺ

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមូលដ្ឋានទ័ពអាកាសភូមិន្ទអង់គ្លេស (RAF) នៅលើកោះស៊ីប រងការវាយប្រហារដោយដ្រូនផលិតនៅអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ។ ក្រៅពីការបញ្ជូនយន្តហោះចម្បាំង លោក ឃា​ ស្តាមឺ ក៏បានបញ្ជាឱ្យបញ្ជូនឧទ្ធម្ភាគចក្រប្រភេទ Wildcat ចំនួន២គ្រឿង បំពាក់ដោយមីស៊ីល Martlet មានសមត្ថភាពបាញ់ទម្លាក់ដ្រូន ឱ្យទៅកោះស៊ីបនៅថ្ងៃសុក្រនេះផងដែរ។ ទន្ទឹមនោះ នាវាពិឃាតការពារអាកាសប្រភេទ Type 45 ឈ្មោះ HMS Dragon មានសមត្ថភាពបាញ់មីស៊ីលបាន៨គ្រាប់ ក្នុងរយៈពេលមិនដល់១០វិនាទី ក៏ត្រូវបានដាក់ពង្រាយដើម្បីការពារដែនទឹក និងដែនអាកាសក្នុងតំបន់ ប៉ុន្តែនាវានេះនឹងចាប់ផ្ដើមចេញដំណើរនៅសប្តាហ៍ក្រោយ។

ការបង្កើនវត្តមានយោធា បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជធានីឡុងដ៍ ក្នុងការការពារសម្ព័ន្ធមិត្ត និងមូលដ្ឋានទ័ពរបស់ខ្លួន បន្ទាប់ពីដ្រូនអ៊ីរ៉ង់មួយគ្រឿងហោះបុកឃ្លាំងយន្តហោះនៅមូលដ្ឋាន Akrotiri ខណៈដ្រូន២គ្រឿងទៀតត្រូវបានយន្តហោះចម្បាំងអង់គ្លេសបាញ់ទម្លាក់ទាន់ពេលវេលា។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ចន ហេលលី (John Healey) កំពុងបំពេញទស្សនកិច្ចនៅកោះស៊ីប បានសង្កត់ធ្ងន់ថា អង់គ្លេស កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាស និងធានាសន្តិសុខរួមក្នុងតំបន់ដែលកំពុងឡើងកម្ដៅខ្លាំងមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត