
មជ្ឈិមបូព៌ា៖ ស្ថានភាពសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានឈានដល់ដំណាក់កាលកាន់តែស្រួចស្រាវ ដោយកងទ័ពអាម៉េរិកអះអាងថា បានបាញ់ពន្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់អស់ជាង៣០គ្រឿង ខណៈក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលកំពុងវាយបកគ្នាទៅវិញទៅមកយ៉ាងសាហាវព្រឺព្រួច...។

កងទ័ពសហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ថា ខ្លួនបានវាយប្រហារពន្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់អស់ជាង៣០គ្រឿងហើយ ចាប់តាំងពីប្រតិបត្តិការសង្រ្គាមរួមគ្នារវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់បានផ្ទុះឡើង។ ក្នុងចំណោមនាវាដែលរងការបំផ្លិចបំផ្លាញ ក៏មាននាវាបញ្ជាដ្រូនដ៏សំខាន់មួយគ្រឿងផងដែរ។ អ្វីដែលតក់ស្លុតបំផុតនោះគឺថា នាវាចម្បាំងខ្នាតធំហ្វ្រ៊ីហ្គេត អាយរីស ដេណា (frigate IRIS Dena) របស់អ៊ីរ៉ង់មួយគ្រឿង ដែលផ្ទុកនាវិកយោធា១៨០នាក់ ត្រូវបានអាម៉េរិកប្រើនាវាមុជទឹកបាញ់កម្ទេចឱ្យលិចចូលមហាសាគរត្រឹមមួយប៉ប្រិចភ្នែក ក្បែរប្រទេសកោះស្រីលង្កា កំលុងពេលធ្វើដំណើរចាកចេញពីកំពង់ផែភាគខាងកើតនៃប្រទេសឥណ្ឌា ត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ។ ជាមួយគ្នា លោក ប្រែដ ឃូភ័រ (Brad Cooper) មេបញ្ជាការកងទ័ពកណ្តាលអាម៉េរិក (CENTCOM) និងជាមេបញ្ជាការដឹកនាំកងទ័ពអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលបាលីស្ទីកពីសំណាក់អ៊ីរ៉ង់បានធ្លាក់ចុះរហូតដល់៩០ភាគរយ បើធៀបនឹងសង្គ្រាមថ្ងៃដំបូង។

ដោយឡែក នៅព្រឹកព្រលឹមស្រាងៗថ្ងៃសុក្រទី៦ ខែមីនា ក្រុមហេសបូឡាហ៍ បានផ្ញើចុតហ្មាយព្រមានឱ្យពលរដ្ឋអ៊ីស្រាអែល ដែលរស់នៅក្បែរព្រំដែនក្នុងចម្ងាយ៥គីឡូម៉ែត្រ ត្រូវភៀសខ្លួនចេញជាបន្ទាន់ បើមិនចង់ស្លាប់។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបង្ខំឱ្យពលរដ្ឋលីបង់រាប់ម៉ឺននាក់ ភៀសខ្លួនចេញពីតំបន់ដាហ៊ីយ៉េហ៍(Dahiyeh) ក្នុងរដ្ឋធានីបេរូត កាលពីថ្ងៃមុន។ ក្រុមហេសបូឡាហ៍បានបញ្ជាក់ថា ៖«ការឈ្លានពានរបស់កងទ័ពអ៊ីស្រាអែលរបស់អ្នកមកលើអធិបតេយ្យភាពលីបង់ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នឹងមិនអាចកើតឡើងដោយគ្មានការសងសឹកឡើយ»។ ទោះបីជាឮស៊ីរ៉ែនពីសំណាក់ក្រុមហេសបូឡាហ៍ ប៉ុន្តែអ៊ីស្រាអែលហាក់មិនទុកក្នុងកែវភ្នែកឡើយ ខណៈរដ្ឋធានីហ្ស៊េរុយសាឡិមផ្គើនថែម ដោយមិនព្រមជម្លៀសប្រជាជនចេញពីទីក្រុងតាមព្រំដែនរបស់ខ្លួនឡើយ ហើយថែមទាំងបានបញ្ជូនទ័ពបន្ថែមទៀតចូលទៅក្នុងដីលីបង់ ដោយអះអាងថាជាវិធានការការពារខ្លួន។ គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សអស់ជាង១០០នាក់នៅក្នុងប្រទេសលីបង់ ខណៈភ្លើងសង្គ្រាមកំពុងឆេះរាលដាលទូទាំងតំបន់៕




