អាម៉េរិកសម្រេចដកប្រព័ន្ធមីស៊ីល Patriot ពីកូរ៉េខាងត្បូងទៅកាន់មជ្ឈិមបូព៌ា ជួយអ៊ីស្រាអែលច្បាំងជាមួយអ៊ីរ៉ង់
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ យុន (Cho Hyun) បានថ្លែងនៅថ្ងៃសុក្រទី៦មីនានេះថា កងទ័ពសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការបញ្ជូនប្រព័ន្ធមីស៊ីល Patriot របស់អាម៉េរិកមួយចំនួន ដែលបច្ចុប្បន្ន កំពុងតាំងបញ្ឈរនៅកូរ៉េខាងត្បូង ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់...។

លោក ឆូ យុន
លោក ឆូ យុន

លោក ឆូ បានឆ្លើយតបទៅនឹងសំណួរនៅក្នុងសភាថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីលចល័តរបស់អាម៉េរិក ត្រូវបានផ្ទេរពីទីតាំងផ្សេងៗគ្នាក្នុងប្រទេស ទៅកាន់មូលដ្ឋានទ័ពអាកាសអូសាន (Osan) ក្នុងប្រទេសកូរ៉េខាងត្បូង។ នៅពេលត្រូវបានសួរថា តើផែនការរបស់អាម៉េរិក គឺត្រូវផ្លាស់ទីមីស៊ីល Patriot ទាំងនេះ ទៅកាន់តំបន់ជម្លោះក្នុងពេលឆាប់ៗដែរឬទេ...? លោក ឆូ មិនធ្វើសេចក្តីអត្ថាធិប្បាយទេ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលសេអ៊ូល មិនទាន់ទទួលបានសំណើសុំជំនួយយោធាណាមួយពីរដ្ឋធានីវ៉ាស៊ីនតោននៅឡើយទេ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ លើកឡើងថា លោកនឹងទទួលយកជំនួយពីគ្រប់បណ្តាប្រទេស ដើម្បីប្រយុទ្ធជាមួយអ៊ីរ៉ង់។

ជាមួយគ្នានេះ កងទ័ពអាម៉េរិកប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ថា៖«ដោយសារហេតុផលសន្តិសុខប្រតិបត្តិការ យើងមិនធ្វើអត្ថាធិប្បាយលើការចល័ត ការផ្លាស់ប្ដូរទីតាំង ឬលទ្ធភាពនៃការពង្រាយឡើងវិញនូវសមត្ថភាពយោធា ឬទ្រព្យសម្បត្តិយោធាជាក់លាក់ណាមួយឡើយ»។ យោងតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រព័ន្ធមីស៊ីល Patriot ទាំងនេះ កំពុងត្រូវបានរៀបចំសម្រាប់ពង្រាយឡើងវិញនៅមជ្ឈិមបូព៌ា ដោយមានយន្តហោះដឹកជញ្ជូនយោធាខ្នាតយក្សរបស់អាម៉េរិក បានហោះចូលមកដល់មូលដ្ឋាន អូសាន ដើម្បីត្រៀមដឹកជញ្ជូនរួចជាស្រេចហើយ។ គួរបញ្ជាក់ថា បច្ចុប្បន្ន កូរ៉េខាងត្បូងមានកងទ័ពអាម៉េរិកប្រហែល២៨៥០០នាក់ រួមទាំងមានការបំពាក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសពីដីទៅអាកាស Patriot ទាំងនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត