
រដ្ឋធានីបាគូ៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហេម អាលីយ៉េវ (Ilham Aliyev) នៅថ្ងៃទី៦ ខែមីនានេះ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ដោយចំៗថា បានប្រព្រឹត្តអំពើភេរវកម្មមកលើទឹកដីខ្លួន បន្ទាប់ពីដ្រូន២គ្រឿង ហោះឆ្លងដែនមកវាយប្រហារចំអាកាសយានដ្ឋានអន្តរជាតិ និងសាលារៀនមួយកន្លែងក្នុងតំបន់ណាក់ឈីវ៉ាន (Nakhchivan) បណ្ដាលឱ្យមនុស្ស៤នាក់រងរបួស...។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបន្ទាន់ លោក អាលីយ៉េវ បានបញ្ជាឱ្យកងទ័ពអាស៊ែបៃហ្សង់ ត្រៀមលក្ខណៈក្នុងកម្រិតផ្ដល់ដំណឹងទី១ ដើម្បីឆ្លើយតបតាមផ្លូវយោធាវិញភ្លាមៗ។ លោកសង្កត់ធ្ងន់ថា៖«ថ្ងៃនេះ អំពើភេរវកម្មត្រូវបានធ្វើឡើងពីភាគីអ៊ីរ៉ង់ ប្រឆាំងទឹកដីនៃប្រទេសអាស៊ែបៃហ្សង់»។ ទន្ទឹមនោះ ក្រសួងការបរទេសអាស៊ែបៃហ្សង់ បានដាក់ពាក្យបណ្តឹងជាផ្លូវការជាមួយស្ថានទូតអ៊ីរ៉ង់។ ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការវាយប្រហារលើទឹកដីអាស៊ែបៃហ្សង់នេះ ផ្ទុយនឹងបទដ្ឋាន និងគោលការណ៍នៃច្បាប់អន្តរជាតិ និងរួមចំណែកដល់ភាពតានតឹងកើនឡើងនៅក្នុងតំបន់។ យើងទាមទារឱ្យសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បញ្ជាក់បញ្ហានេះក្នុងរយៈពេលដ៏ខ្លីបំផុត ផ្តល់ការពន្យល់ និងចាត់វិធានការបន្ទាន់ចាំបាច់ ដើម្បីការពារឧប្បត្តិហេតុបែបនេះ កើតឡើងម្ដងទៀតនាពេលអនាគត»។ ក្រសួងការបរទេសអាស៊ែបៃហ្សង់បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ មកសាកសួរ ដើម្បីទទួលលិខិតតវ៉ាជាផ្លូវការ។

ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានចេញមុខបដិសេធការចោទប្រកាន់ខាងលើ និងចោទប្រកាន់ត្រឡប់ទៅវិញថា អ៊ីស្រាអែលជាអ្នករៀបចំឆាកដើម្បីបង្កជម្លោះរវាងប្រទេសជិតខាងទាំងពីរ។ ភាពតានតឹងនេះ បានរុញច្រានទំនាក់ទំនងរវាងរដ្ឋធានីបាគូ និងតេហេរ៉ង់ ឱ្យធ្លាក់ចូលក្នុងវិបត្តិដ៏ស្រួចស្រាវមួយទៀត ចំពេលមជ្ឈិមបូព៌ាកំពុងឆាបឆេះដោយសារសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ស្រាប់ ដែលអាចនឹងអូសទាញតំបន់កូកាស៊ីស ឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមកាន់តែជ្រៅ៕




