
រាជធានីភ្នំពេញ៖ ក្នុងរយៈពេញមួយឆ្នាំ២០២៥ ករណីកើតជំងឺគ្រុនចាញ់នៅកម្ពុជា ត្រូវបានរកឃើញថយចុះដល់ទៅ៨៤ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កាលពីព្រឹកថ្ងៃទី៥មីនា ឆ្នាំ២០២៦។

បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ ករណីឆ្លងកើតជំងឺគ្រុនចាញ់ មានត្រឹមតែ៥២ករណី ថយចុះរហូតដល់៨៤ភាគរយ បើប្រៀបនឹងឆ្នាំ២០២៤ មានរហូតដល់ទៅ៣២២ករណី។ ជាមួយគ្នានោះ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ដើមខែមីនា ឆ្នាំ២០២៦ ក៏មិនមានករណីឆ្លងថ្មីក្នុងប្រទេសដែរ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបខាងលើ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការទប់ស្កាត់ជំងឺគ្រុនចាញ់ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការរក្សាសមិទ្ធផលដែលសម្រេចបានជាប្រវត្តិសាស្ត្រ។ លោកបានណែនាំឱ្យមជ្ឈមណ្ឌលជាតិ ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួសរាន់រៀបចំផែនការយុទ្ធសាស្ត្របន្តឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ ដើម្បីភាពរឹងមាំសម្រាប់អនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។

លោកសង្កត់ធ្ងន់ថា៖«..ត្រូវប្តេជ្ញារួមគ្នារក្សាឱ្យបាន មិនឱ្យមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងប្រទេសកម្ពុជាឡើយ ដើម្បីត្រៀមលក្ខណៈស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក បញ្ជាក់ពីការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា»។ លោកក៏ណែនាំដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ឱ្យបន្តការទទួលខុសត្រូវ និងពង្រីកវិសាលភាពសកម្មភាពការងារលើការលើកទឹកចិត្តថ្នាក់មូលដ្ឋានផ្ទាល់ឱ្យបន្តខិតខំអនុវត្តផែនការសកម្មភាពការងាររបស់កម្មវិធីជាតិ ផ្តោតលើគុណភាព និងប្រសិទ្ធភាព ពិសេសការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ លើកកម្ពស់អនាម័យផ្ទះសំបែង បរិស្ថានល្អ និងរស់នៅស្អាត។ គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំចុងក្រោយហើយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជា ឆ្នាំ២០១១-២០២៥។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសា ឆ្នាំ២០២៥ បានលើកទឹកចិត្ត និងអំពាវនាវឱ្យភាគីពាក់ព័ន្ធ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យគោលដៅអាចសម្រេចបានត្រឹមដំណាច់ឆ្នាំ២០២៥៕





