
ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិមួយគ្រឿងឈ្មោះ NORWEGIAN SUN (ណរវីជឹន) បានដឹកភ្ញៀវទេសចរសរុបចំនួន១៨៣១នាក់ មាន៤៦សញ្ជាតិ ចេញពីប្រទេសព្រុយណេ ចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា នៅថ្ងៃទី៥មីនានេះ..។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជិត២ពាន់នាក់នេះ ជនជាតិអាម៉េរិក មាន១០៧៥នាក់ ជាចំនួនច្រើនជាងគេ បន្ទាប់មកជនជាតិកាណាដា មានចំនួន២២៣នាក់។ ចំណែកនាវិក មានចំនួន៨៩១នាក់។ នាវានេះ មានប្រវែងបណ្តោយ២៥៨ម៉ែត្រ ប្រវែងទទឹង៣២ម៉ែត្រ និងជម្រៅ៨ម៉ែត្រ។

កម្ពុជាបានរៀបចំក្រុមសិល្បៈបុរាណ មានរបាំ និងភ្លេង ទទួលស្វាគមន៍ដំណើរមកដល់របស់ភ្ញៀវទេសចរ។ នាវានេះ នឹងចាកចេញទៅប្រទេសថៃ នៅម៉ោង៧យប់ ថ្ងៃទី៥មីនាដដែល។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ រយៈពេល២ខែ ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាង១ម៉ឺននាក់ បានចូលមកលេងកម្សាន្តនៅប្រទេសកម្ពុជា តាមរយៈនាវាទេសចរណ៍ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕





