
ក្រុងតាខ្មៅ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ បានដាក់ចេញនូវវិធានការបច្ចេកទេសតម្រូវឱ្យ រោងចក្រ ស៊ីហាវ ហ៊ែនប៊ែក ខូអិលធីឌី ស្ថិតនៅខេត្តកណ្តាល ពង្រឹងបទដ្ឋានបច្ចេកទេសបរិស្ថាន ជាពិសេសលើការប្រើប្រាស់ជ័រ និងប្រព័ន្ធចេញចូលខ្យល់ក្នុងអគាររោងចក្រ។ ចំណាត់ការរបស់ក្រសួងបរិស្ថាន ធ្វើឡើងក្រោយហេតុការណ៍កម្មការិនី៣១នាក់ បានដួលសន្លប់ក្នុងរោងចក្រនេះ កាលពីរសៀលថ្ងៃទី៣មីនាកន្លងទៅ…។

ករណីកម្មការិនីដួលសន្លប់ក្នុង រោងចក្រ ស៊ីហាវ ហ៊ែនប៊ែក ខូអិលធីឌី ផលិតកាបូប និងខ្សែក្រវាត់នោះ ក្រសួងការងារបញ្ជាក់ថា ផ្តើមចេញពីកម្មការិនីចំនួន២នាក់អាយុជាង៣០ឆ្នាំ ធ្វើការនៅផ្នែកដេរជាមួយគ្នា មានអាការវិលមុខ ថប់ដង្ហើម ទន់ដៃទន់ជើងសន្លប់។ ករណីនេះ បន្តរាលដាលដល់កម្មការិនីផ្សេងទៀតដែលនៅក្បែរនោះ ក្រោយឃើញហេតុការណ៍ ហើយមានការភិតភ័យ ទន់ដៃទន់ជើងជាបន្តបន្ទាប់។ ក្រោយហេតុកាណ៍ ក្រសួងការងារ ក៏បានរកឃើញមូលហេតុបឋមថា បណ្ដាលមកពីការបញ្ចេញក្លិនជ័រកាវ អាកាសធាតុក្ដៅ និងខ្វះខ្យល់ក្នុងអគារផលិតកម្ម។

ដោយឡែក ចំពោះមុខបញ្ហានេះ ក្រសួងបរិស្ថាន បានចាត់ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចុះទៅត្រួតពិនិត្យដល់ទីតាំងនៅថ្ងៃទី៤មីនា ហើយបញ្ជាឱ្យរោងចក្រកែសម្រួលសីតុណ្ហភាពក្នុងអគារផលិតកម្មឱ្យស្ថិតនៅក្រោមកម្រិតស្ដង់ដារកំណត់, រៀបចំប្រព័ន្ធត្រជាក់, រៀបចំរំហូរខ្យល់ក្នុងអគារផលិតកម្មចេញចូលឱ្យបានគ្រប់គ្រាន់, រៀបចំទីតាំងបិតកាវលើស្បែកកាបូប និងការប្រើប្រាស់សាំងក្រអូប សម្រាប់ជូតសម្អាតដាច់ដោយឡែកពីផ្នែកដេរ និងទុកដាក់ញែកសំណល់ឱ្យបានត្រឹមត្រូវ។

ជាការកត់សម្គាល់ ករណីកម្មការិនីដួលសន្លប់ច្រើននាក់នៅពេលបំពេញការងារក្នុងរោងចក្រ ស៊ីហាវ ហ៊ែនប៊ែក ខូអិលធីឌីនេះ គឺជាករណីទី២ហើយ បន្ទាប់ពីករណីស្រដៀងគ្នានេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧កុម្ភៈ នៅឯរោងចក្រកាត់ដេរសម្លៀកបំពាក់ ខេមបូ យូនីសូល បណ្ដាលឱ្យកម្មការិនីម្នាក់អាយុ៣៤ឆ្នាំស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណា ករណីដួលសន្លប់នៅ រោងចក្រ ខេមបូ យូនីសូល ទាំងក្រសួងការងារ និងក្រសួងបរិស្ថាន សុទ្ធតែប្រកាសរកពុំឃើញការបំពុលណាមួយកើតឡើងក្នុងរោងចក្រឡើយ៕






