
រាជធានីភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជជែកជាមួយក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា កាលពីថ្ងៃទី៤មីនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីរូបនេះ រំពឹកទុកថា បើគ្មានអ្វីប្រែប្រួល យ៉ាងយូរបំផុត៣ឆ្នាំខាងមុខ កម្ពុជានឹងមានវត្តមានរោងចក្រចម្រាញ់ប្រេង។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាពីការអភិវឌ្ឍសង្គម បង្ហាញការគាំទ្រ បើកម្ពុជាអាចឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងបានប្រាកដមែន ប៉ុន្តែលោកស្នើឱ្យរដ្ឋនិយាយហើយគឺធ្វើ ហើយត្រូវធ្វើដោយមានតម្លាភាព កុំឱ្យមានអំពើពុករលួយ ជៀសវាងរងការរិះគន់ពីពលរដ្ឋ។ ក្នុងកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News នារសៀលថ្ងៃទី៥ ខែមីនា អ្នកសិក្សាពីការអភិវឌ្ឍសង្គមរូបនេះ បញ្ចេញយោបល់ថា៖«បើបានប្រេងមក ហើយគិតតែប្រព្រឹត្តអំពើពុករលួយផ្សេងៗ នោះធនធានប្រេងនឹងអស់ មិនបានដល់កូនចៅជំនាន់ក្រោយទេ»។

ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ថាជារឿងល្អ បើកម្ពុជាអាចមានរោងចក្រចម្រាញ់ប្រេង។ យ៉ាងណាក៏ដោយ លោក ប្រាប់អង្គភាពយើងខ្ញុំថា លោកចង់ឃើញរាជរដ្ឋាភិបាលធ្វើឱ្យគម្រោងនេះលេចចេញជារូបរាងតាមការកំណត់ ដូចអ្វីដែលបានលើកឡើង។ លោក បន្តថា បើកម្ពុជាមានរោងចក្រចម្រាញ់ប្រេងពិតមែន គឺផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចបានច្រើន។ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ រំលេចពីផលចំណេញពីប្រេងយ៉ាងដូច្នេះថា៖ «វានឹងជួយកាត់បន្ថយការនាំប្រេងដែលចម្រាញ់រួច និងមានតម្លៃថ្លៃចូលមកកម្ពុជា ធ្វើឱ្យចំណេញវិស័យសេដ្ឋកិច្ច ជាពិសេស អាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗពីតំបន់មួយទៅតំបន់មួយ ជួយកាត់បន្ថយរឿងរ៉ាវជាច្រើនដល់ម្ចាស់អាជីវកម្មទាំងធំ តូច និងមធ្យម ដែលតែងព្រួយបារម្ភចំពោះបញ្ហាតម្លៃប្រេង សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម»។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ក្រុមហ៊ុនវិនិយោគលើវិស័យប្រេងនៅកម្ពុជានោះ ត្រូវមានការទទួលខុសត្រូវខ្ពស់។

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានអះអាងថា រោងចក្រចម្រាញ់ប្រេង មិនមែនចេះតែនឹកឃើញចង់ធ្វើបាននោះទេ។ លោកបន្ថែមថា ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាត ទាល់តែមានមាត្រដ្ឋានសេដ្ឋកិច្ច និងទីផ្សារធំ ខណៈប៉ុន្មានឆ្នាំមុនសម្ដេចតេជោ ហ៊ុន សែន (កាលនៅធ្វើជានាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា) ក៏ធ្លាប់បានគិតគូរពីរឿងនេះដែរ ប៉ុន្តែដោយសារទីផ្សាររបស់កម្ពុជានៅមានសេដ្ឋកិច្ចមាត្រដ្ឋានតូច ទើបមិនទាន់អាចធ្វើបាន។ យ៉ាងណា លោករដ្ឋមន្រ្តី បញ្ជាក់ថា ពេលនេះ រាជរដ្ឋាភិបាលកំពុងជជែកយ៉ាងសកម្ម ដើម្បីឈានទៅបង្កើតរោងចក្រនេះឱ្យលេចចេញជារូបរាង។

ការប្រើបច្ចេកវិទ្យារលកញ័ររបស់ក្រុមហ៊ុនរុករកប្រេងអន្តរជាតិ បង្ហាញថា កម្ពុជាមានអណ្តូងប្រេងចំនួន២៥ប្លុក ក្នុងនោះ តំបន់សមុទ្ទ មាន៦ប្លុក បែងចែកពីប្លុក A ដល់ F ស្ថិតក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។ ក្នុងចំណោមអណ្តូងប្រេងទាំងអស់ មានតែប្លុក A ប៉ុណ្ណោះ ដែលធ្លាប់បូមប្រេងបានប្រមាណ៣០មុឺនបារ៉ែល ដោយក្រុមហ៊ុន គ្រិស-អ៊ីនើជី (Kris Energy)។ ប៉ុន្តែ បន្ទាប់ពីបូមបានប្រហែល៦ខែ ក្រុមហ៊ុននេះ ក៏ប្រកាសក្ស័យធន និងផ្អាកដំណើរការរុករកប្រេងនៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ ដោយសារបូមប្រេងបានតិចជាងការរំពឹងទុក និងជំពាក់បំណុលគេច្រើនពេក៕



