អូស្ត្រាលី បញ្ជូនយន្តហោះយោធាទៅកាន់មជ្ឈិមបូព៌ា ត្រៀមជម្លៀសពលរដ្ឋខ្លួន
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីកង់ប៉េរ៉ា៖ អង្គុយមិនស្ងៀម ឈរមិននឹង! អូស្ត្រាលីបានសម្រេចដាក់ពង្រាយយន្តហោះយោធាចំនួន២គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃផែនការត្រៀមបង្ការគ្រោះអាសន្ន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រី២រូបប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា...។

បណ្តាប្រទេសជាច្រើនបានប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ានៅក្នុងសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល អាយ៉ាតូឡាហ៍ អាលី ខាមេណេ (Ayatollah Ali Khamenei) ខណៈភ្លើងសង្គ្រាមកាន់តែរីករាលដាលទូទាំងតំបន់។ ជុំវិញបញ្ហានេះ អូស្ត្រាលីបានដាក់ពង្រាយយន្តហោះដឹកជញ្ជូនធុនធ្ងន់មួយគ្រឿង និងយន្តហោះដឹកជញ្ជូនប្រេងមួយគ្រឿង សុទ្ធតែជាប្រភេទយន្តហោះយោធា ដើម្បីត្រៀមជម្លៀសពលរដ្ឋខ្លួន។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស (Anthony Albanese) បានប្រាប់សភាថា ៖«យន្តហោះយោធាត្រូវបានដាក់ពង្រាយ។ ខ្ញុំសូមអរគុណដល់ជនជាតិអូស្ត្រាលីដែលកំពុងចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីជួយមិត្តរួមជាតិរបស់ពួកគេ»

លោក អាន់ថូនី អាល់បាណេស
លោក អាន់ថូនី អាល់បាណេស

បច្ចុប្បន្ន អូស្ត្រាលីមានពលរដ្ឋប្រហែល១,១សែននាក់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ទន្ទឹមនឹងនេះ ប្រទេសនូវែលហ្សឡង់ក៏បានបញ្ជាឱ្យបញ្ជូនយន្តហោះយោធាចំនួន២គ្រឿងទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃព្រហស្បតិ៍នេះផងដែរ ដើម្បីត្រៀមជម្លៀសពលរដ្ឋរបស់ខ្លួន។ ក្រៅពីនេះ ចក្រភពអង់គ្លេសបានដាក់ពង្រាយយន្តហោះចម្បាំង F-35B និងមីស៊ីល Typhoon (ថាយហ្វ៊ូន) ទៅកាន់មូលដ្ឋានទ័ពនៅប្រទេសស៊ីប (Cyprus) ដើម្បីស្ទាក់ចាប់ដ្រូន និងមីស៊ីលអ៊ីរ៉ង់។ ចំណែកឯ អាល្លឺម៉ង់ និងបារាំងបានបញ្ជូនយន្តហោះដឹកជញ្ជូនយោធា និងកម្លាំងពិសេស ទៅកាន់ប្រទេសហ្ស៊កដានី និងស៊ីប ដើម្បីត្រៀមប្រតិបត្តិការសង្គ្រោះ និងការពារស្ថានទូត។ ម្យ៉ាងទៀត អ៊ីតាលីក៏បានបញ្ជូននាវាចម្បាំងទៅកាន់តំបន់ឈូងសមុទ្ទ ដើម្បីការពារផ្លូវនាវាចរណ៍ពាណិជ្ជកម្មពីការវាយប្រហាររបស់ក្រុមហ៊ូធី និងអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត