
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានជាសាធារណៈ ថា នឹងកាត់ផ្ដាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយព្រះរាជាណាចក្រអេស្ប៉ាញ បន្ទាប់ពីរាជរដ្ឋាភិបាលរាជធានីម៉ាឌ្រីដ សម្រេចបិទផ្លូវមិនឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ធ្វើប្រតិបត្តិការយោធាប្រឆាំងប្រទេសអ៊ីរ៉ង់...។

ថ្លែងនៅសេតវិមាន លោក ត្រាំ បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះប្រទេសអេស្ប៉ាញ ដោយលោកលើកឡើងថា៖«យើងមិនចង់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយអេស្ប៉ាញ។ ខ្ញុំអាចបញ្ឈប់រាល់អាជីវកម្ម និងការនាំចូលពីអេស្ប៉ាញនៅថ្ងៃនេះ ឬថ្ងៃស្អែកក៏បាន»។ លោកប្រធានាធិបតី រួមជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ស្កុត បេសសិន បានអះអាងថា សហរដ្ឋអាម៉េរិក មានអំណាចតាមផ្លូវច្បាប់ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើផលិតផលអេស្ប៉ាញ ដើម្បីធានាសន្តិសុខជាតិ។ ភាពតានតឹងនេះកាន់តែពុះកញ្ជ្រោលខ្លាំង ដោយសារអេស្ប៉ាញក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ភេដ្រូ សាន់ឆេស (Pedro Sánchez) បានហៅការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ថា ជាការលូកដៃផ្នែកយោធាដ៏គ្រោះថ្នាក់ និងរំលោភច្បាប់អន្តរជាតិ។

ហេតុនេះ អេស្ប៉ាញហាមឃាត់សហរដ្ឋអាម៉េរិក មិនឱ្យប្រើមូលដ្ឋានទ័ពនៅភាគខាងត្បូងប្រទេសខ្លួនដាច់ខាត។ ទន្ទឹមនោះ លោក ត្រាំ ក៏បានសម្ដែងការមិនពេញចិត្តចំពោះការដែលអេស្ប៉ាញបដិសេធមិនព្រមដំឡើងកញ្ចប់ថវិកាការពារជាតិឱ្យដល់៥ភាគរយនៃ GDP តាមការទាមទាររបស់លោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គម្រោងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់លោក ត្រាំ អាចនឹងជួបឧបសគ្គធំៗ ដោយសារអេស្ប៉ាញ គឺជាសមាជិកនៃសហភាពអឺរ៉ុប មានច្បាប់អនុញ្ញាតឱ្យទំនិញធ្វើចរាចរណ៍ដោយសេរីក្នុងចំណោមប្រទេសទាំង២៧។ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដឌ្រីច មឺស (Friedrich Merz) ក៏បានរំឭកលោក ត្រាំ ផងដែរ ថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកអឺរ៉ុប គឺត្រូវតែរួមបញ្ចូលអេស្ប៉ាញជាដាច់ខាត ខណៈរាជរដ្ឋាភិបាលអេស្ប៉ាញ បានសង្កត់ធ្ងន់ថា អាម៉េរិកត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះជម្លោះការទូត និងសេដ្ឋកិច្ចនេះ ព្រោះព្រះរាជាណាចក្រអេស្ប៉ាញ គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ជាពិសេស លើវិស័យឱសថ និងផលិតផលកសិកម្មដែលមានតម្លៃរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕



