កងទ័ពឃឺដរាប់ពាន់នាក់ ត្រៀមវាយលុកសម្រុកចូលអ៊ីរ៉ង់ ក្រោមខ្នងបង្អែកពីមហាអំណាចអាម៉េរិក
N
Nary Vann
16 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ក្រុមកងជីវពលជនជាតិឃឺដអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កំពុងត្រៀមលក្ខណៈយ៉ាងសស្រាក់សស្រាំសម្រាប់ប្រតិបត្តិការយោធាឆ្លងដែនចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈមន្ត្រីឃឺដបានបង្ហើបថា សហរដ្ឋអាម៉េរិកបានចាប់ផ្តើមទាក់ទងស្វែងរកការគាំទ្រពីពួកគេ ក្នុងយុទ្ធនាការផ្ដួលរំលំរបបតេហេរ៉ង់...។

កងកម្លាំងទាំងនេះ ត្រូវបានគេចាត់ទុកថា ជាក្រុមប្រឆាំងមានការរៀបចំចាត់តាំងល្អបំផុត និងមានបទពិសោធសឹកជោគជាំក្នុងការប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាម ISIS បានចាប់ផ្តើមចល័តទ័ពទៅកាន់តំបន់ព្រំដែនក្នុងខេត្ត Sulaymaniyah ដើម្បីរង់ចាំបញ្ជាវាយលុក ដែលអាចនឹងក្លាយជាកម្លាំងជើងគោកដ៏សំខាន់ដំបូងគេបង្អស់ ក្នុងការចូលប្រឡូកក្នុងសង្គ្រាមនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភិត ហេកសិត បានបង្ហាញជំហរប្រុងប្រយ័ត្នដោយបញ្ជាក់ថា គោលដៅរបស់អាម៉េរិក មិនមែនពឹងផ្អែកទាំងស្រុងលើការបំពាក់អាវុធឱ្យកម្លាំងណាមួយជាក់លាក់នោះទេ ប៉ុន្តែលោកទទួលស្គាល់ថា អាម៉េរិកបានដឹងពីសកម្មភាពរបស់ក្រុមកងជីវពលទាំងនេះ។

ប្រសិនបើកងកម្លាំងឃឺដ ពិតជាបើកការវាយប្រហារមែន វានឹងក្លាយជាការគំរាមកំហែងដ៏ធំ ចំពោះអាជ្ញាធរអ៊ីរ៉ង់ដែលកំពុងទន់ខ្សោយ ប៉ុន្តែវាក៏អាចនឹងបង្កឱ្យមានជម្លោះផ្ទៃក្នុងរវាងក្រុមប្រឆាំងអ៊ីរ៉ង់ដូចគ្នាផងដែរ ជាពិសេស ជាមួយបក្ខពួកនិយមដែលបារម្ភថា ក្រុមឃឺដមានមហិច្ឆតាចង់បំបែករដ្ឋ។ លើសពីនេះ ប្រតិបត្តិការឆ្លងដែននេះមានហានិភ័យខ្ពស់ក្នុងការរុញច្រានប្រទេសអ៊ីរ៉ាក់ឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមមជ្ឈិមបូព៌ាកាន់តែជ្រៅ ខណៈប្រវត្តិសាស្ត្របានបង្ហាញថា ជនជាតិឃឺដតែងងើបបះបោរប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញរបស់របបដឹកនាំអ៊ីរ៉ង់ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្ន ក្រុមកងជីវពលទាំងនេះ កំពុងរង់ចាំស្ថានភាពអំណោយផល ហើយបានប្រកាសថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីឆ្លងដែនក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ប្រសិនបើទទួលបានភ្លើងខៀវពីសម្ព័ន្ធមិត្តអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត