មជ្ឈិមបូព៌ាស្ថិតនៅមាត់ជ្រោះមរណៈ ខណៈបណ្តារដ្ឋឈូងសមុទ្ទជាប់ផុងក្នុងអន្ទាក់នៃភាពទាល់ច្រកផ្នែកការទូតជាមួយអ៊ីរ៉ង់
ហៀប ស៊ីថេត
18 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ភ្លើងសង្រ្គាមបានឆាបឆេះទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ហោះទៅកម្ទេចទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃបណ្តារដ្ឋឈូងសមុទ្ទនានា ធ្វើឱ្យទំនាក់ទំនងការទូតរបស់រដ្ឋធានីតេហេរ៉ង់ត្រូវកាត់ផ្តាច់ទាំងស្រុង និងរុញច្រានតំបន់ទាំងមូលឱ្យទៅក្បែរមាត់ជ្រោះមរណៈនៃសង្រ្គាមយោធាទ្រង់ទ្រាយធំ។ នេះបើតាមអ្នកវិភាគភូមិសាស្ត្រនយោបាយ...។

កិច្ចខិតខំប្រឹងប្រែងកែលម្អទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះ ប្រទេសនៅតំបន់ឈូងសមុទ្ទ រួមមាន៖ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម កំពុងប្រឈមមុខនឹងភាពទាល់ច្រកនៃទំនាក់ទំនងការទូតជាមួយរដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ហោះទៅកម្ទេចទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ​របស់ពួកគេ។ អ្នកជំនាញនៅមជ្ឈិមបូព៌ាកត់សម្គាល់ថា រដ្ឋអារ៉ាប់នៅតំបន់ឈូងសមុទ្ទ កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមមរណៈដែលជៀសមិនរួច ពួកគេកំពុងអង្គុយបើកភ្នែកធំៗមើលមុខគ្នា ដើម្បីស្វែងរកច្រកចេញ និងជជែកអំពីអត្ថប្រយោជន៍នៃភាពអត់ធ្មត់ជាយុទ្ធសាស្ត្រ ក្នុងចេតនាទាញមជ្ឈិមបូព៌ាចេញពីមាត់រណ្តៅមរណៈ។

គេនៅចាំបានថា កាតា ជាប្រទេសមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយអ៊ីរ៉ង់ ប៉ុន្តែបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ីរ៉ង់២គ្រឿង ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ខណៈប្រទេសនេះជាប់ឈ្មោះជាប្រទេសឈូងសមុទ្ទដំបូងគេបង្អស់ ដែលបានបាញ់ទម្លាក់យន្តហោះអ៊ីរ៉ង់។ ដោយស្ថានការកាន់តែស្រួចស្រាវទៅៗ អារ៉ាប៊ីសាអូឌីត បានបង្កើនកម្រិតត្រៀមលក្ខណៈរួចជាស្រេច ហើយបានព្រមានអំពីការឆ្លើយតបផ្នែកយោធា បន្ទាប់ពីការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់ដោយអ៊ីរ៉ង់ បណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះនៅរោងចក្រចម្រាញ់ប្រេងរ៉ាស់តានូរ៉ា(Ras Tanura) ដោយបង្ខំឱ្យប្រតិបត្តិការមួយចំនួនត្រូវបានផ្អាក។

ចំណែក អារ៉ាប់រួមរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយត្រូវបានវាយប្រហារដោយដ្រូនជាង ៨០០គ្រឿង និងមីស៊ីល២០០គ្រាប់ចាប់តាំងពីថ្ងៃផ្ទុះសង្គ្រាមមក ដោយបានសម្លាប់មនុស្ស៣នាក់ និងបានបង្កជាអគ្គិភ័យឆាបឆេះនៅទីតាំងសំខាន់ៗ ជំរុញឱ្យរដ្ឋធានីអាប៊ុយដាប៊ី (Abu Dhabi) បិទស្ថានទូតរបស់ខ្លួននៅរដ្ឋធានីតេហេរ៉ង់ និងកោះហៅឯកអគ្គរដ្ឋទូតត្រឡប់មកវិញ។ ទន្ទឹមនឹងចំណាត់ការនេះ ធ្វើឱ្យទំនាក់ទំនងរបស់អារ៉ាប់រួម និងអ៊ីរ៉ង់ ត្រូវបានកាត់ផ្តាច់ទាំងស្រុង។

សូមជម្រាបថា ភ្លើងសង្រ្គាមដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់មជ្ឈិមបូព៌ា នាពេលបច្ចុប្បន្ន មិនត្រឹមតែជាការគំរាមកំហែងផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលានៃមរណភាពផ្នែកនយោបាយការទូត រវាងរដ្ឋធានីតេហេរ៉ង់ និងបណ្តាប្រទេសជិតខាងផងដែរ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មានប្រទេសជាច្រើនកំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមដ៏សាហាវព្រឺព្រួចនៅមជ្ឈិមបូព៌ាមួយនេះ ខ្លះដោយផ្ទាល់ ខ្លះទៀតដោយប្រយោល ដែលរួមមាន៖ អ៊ីរ៉ង់, អ៊ីស្រាអែល, អាម៉េរិក, អារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត, កាតា, ហ្ស៊កដានី, លីបង់, ស៊ីរី, អ៊ីរ៉ាក់, កូវ៉ែត, អូម៉ង់, បារ៉ែន, ស៊ីប, បារាំង, អង់គ្លេស, អាល្លឺម៉ង់, ក្រិក, និងអេស្ប៉ាញជាដើម។ សំណួរសួរ ថា តើនៅមានប្រទេសប៉ុន្មានទៀត ដែលចង់ដើរក្រឡាអុកមរណៈនៅមជ្ឈិមបូព៌ា?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត