អ៊ីរ៉ង់ ចេញមុខបដិសេធដាច់អហង្ការថា មិនបានបាញ់មីស៊ីលសំដៅទៅតួកគីឡើយ
N
Nary Vann
14 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ លោក អាប់ឌុលរ៉ាហ៊ីម មូសាវី (Abdolrahim Mousavi) អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ខ្លួនថា បានបាញ់មីស៊ីលសំដៅទៅកាន់ប្រទេសតួកគី។ អគ្គសេនាធិការរូបនេះ អះអាងថា អ៊ីរ៉ង់តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាងជានិច្ច។

 លោក អាប់ឌុលរ៉ាហ៊ីម មូសាវី
 លោក អាប់ឌុលរ៉ាហ៊ីម មូសាវី

ការចេញមកបំភ្លឺការពារខ្លួននេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិតួកគី បានរាយការណ៍ថា ប្រព័ន្ធការពារអាកាសរបស់អង្គការណាតូ បានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ដែលហោះចេញពីអ៊ីរ៉ង់ សំដៅឆ្ពោះទៅកាន់ដែនអាកាសតួកគី។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr (មៀ) របស់អ៊ីរ៉ង់ កងទ័ពរដ្ឋអ៊ិស្លាមមួយនេះ បានសង្កត់ធ្ងន់ថា៖«កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងជាមិត្តដូចជាតួកគី ហើយយើងសូមបដិសេធដាច់ខាត រាល់ការបាញ់មីស៊ីលណាមួយសំដៅទៅលើទឹកដីនៃប្រទេសនោះ»

ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា មីស៊ីលនោះបានហោះកាត់ដែនអាកាសប្រទេសអ៊ីរ៉ាក់ និងស៊ីរី មុននឹងសំដៅមកកាន់តួកគី។ គ្រាប់មីស៊ីលត្រូវបានស្ទាក់ចាប់បានទាន់ពេលវេលា និងមិនបង្កឱ្យមានគ្រោះថ្នាក់ណាមួយឡើយ។ ជុំវិញបញ្ហានេះ ប្រធានាធិបតីតួកគី លោក ថៃយីប អឺដូហ្កាន (Tayyip Erdogan) បានថ្លែងថា តួកគីកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដោយមានការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តណាតូ។ លោកក៏បានផ្ញើសារព្រមានយ៉ាងច្បាស់ៗជាមុនផងដែរ ដើម្បីបង្ការកុំឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីម្ដងទៀត៕

លោក ថៃយីប អឺដូហ្កាន
លោក ថៃយីប អឺដូហ្កាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត