
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានជនជាតិកូរ៉េខាងត្បូងចំនួន១០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅទីតាំងឆបោកលុយឆ្លងប្រទេស ឬ Online Scams ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...។

ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូង កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិកាបង្ក្រាបករណីឆបោកក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួន២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី០៣-០៤ ខែមីនា ព្រមទាំងធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន១០នាក់ ក្នុងនោះមានម្នាក់ឈ្មោះ គីម ចាងហាន (Kim Changhan) ជាមេខ្លោង ហើយថែមទាំងមានដីកាចាប់ខ្លួនផងដែរ។

ក្រោយបញ្ចប់នីតិវិធីរួច អាជ្ញាធរបានបន្តធ្វើការដកហូតវត្ថុតាងជាច្រើន ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើស។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានស្ថានអគ្គកុងស៊ុល និងអនុព័ន្ធប៉ូលិសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យទាំងនោះចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់នៅប្រទេសដើមរបស់ពួកគេវិញ៕




