រងការរិះគន់ដោយសារសម្តីពិបាកស្តាប់៖ រដ្ឋមន្រ្តីធនធានទឹកប្រើពាក្យ«ពួកអ្នកកាសែតខូចណាស់» ហើយអភិបាលខេត្តកំពង់ចាមបន្ទរតាមក្រោយ «ទាល់តែដាក់ខ្នោះបានដឹងខ្លួន»
ហាក់ អ៊ីឌី
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមទាំងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រងការរិះគន់ព្រមៗគ្នា បន្ទាប់ពីលោកទាំង២ ប្រើភាសាដែលគេស្តាប់ទៅហាក់ដូចជាមិនសូវសមរម្យទៅលើអ្នកកាសែត។ រដ្ឋមន្រ្តីធនធាន បា​នហៅអ្នកកាសែតថា «ពួកអ្នកកាសែតខូចណាស់...» ហើយភ្លាមៗ អភិបាលខេត្តកំពង់ចាមដែលឈរអមក្បែរនោះ ក៏បន្ទរតាមក្រោយថា «ទាល់តែដាក់វ៉ៃខ្នោះមួយពីរទៅ បានដឹងខ្លួន»។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ទាំងក្រសួងធនធានទឹក ទាំងរដ្ឋបាលខេត្តកំពងចាម សុទ្ធតែចេញមកបកស្រាយ ដើម្បីការពារប្រសាសន៍ថ្នាក់ដឹកនាំខ្លួន។ 

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងធនធានទឹក បកស្រាយថា ពាក្យរបស់លោករដ្ឋមន្ត្រី គឺលោកចង់សំដៅលើបុគ្គលអ្នកកសែតមួយចំនួនតូចប៉ុណ្ណោះ ដែលបានចុះផ្សាយដោយពុំបានធ្វើការវិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្លាភាព។ ក្រសួងបន្តថា លោករដ្ឋមន្រ្តី មិនបានដាក់បន្ទុកទៅលើអ្នកសារព័ត៌មានដែលអនុវត្តការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈឡើយ។

សូមជម្រាបត្រង់កន្លែងនេះបន្តិចថា លោក ថោ ជេដ្ឋា និងលោក អ៊ុន ចាន់ដា រួមគ្នាចុះទៅពិនិត្យ និងសិក្សាជួសជុលច្រាំងទន្លេបាក់ស្រុត ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី២៩ ខែមិថុនា (ទំនងជាអ្នកកាសែត ធ្លាប់ថត និងផ្សាយពីអ្វីមួយពាក់ព័ន្ធនឹងកន្លែងបាក់ច្រាំងទន្លេនេះ)។ ពេលនោះ លោក ថោ ជេដ្ឋា និយាយថា «ពួកអ្នកកាសែតហ្នឹងខូចណាស់...កន្លែងណាឱ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ»។ បន្ទាប់មក លោក អ៊ុន ចាន់ដា ក៏បន្ថែមតាមក្រោយថា «ទាល់តែដាក់ខ្នោះមួយពីរទៅ បានដឹងខ្លួន»។

វីដេអូខ្លីអំពីការឆ្លើយឆ្លងរវាងលោក ថោ ជេដ្ឋា និងលោក អ៊ុន ចាន់ដា ត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គម ហើយក៏ផ្ទុះការរិះគន់តែម្តង។ ចំណែករដ្ឋបាលខេត្តកំពង់ចាម តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបង្ហាញការសោកស្តាយចំពោះសំឡេងសន្ទនាខាងលើ ហើយអះអាងថា ជាសារសំឡេងដែលមិនមានប្រភពច្បាស់លាស់ ធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទូទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត