
រាជធានីភ្នំពេញ៖ អ៊ីរ៉ង់ បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើរដ្ឋធានីហ្ស៊េរុយសាឡិម (Jerusalem) និងទីក្រុងតេល អាវីហ្វ (Tel Aviv) របស់អ៊ីស្រាអែល។ នេះបើតាមការប្រកាសរបស់អ៊ីស្រាអែល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃ៥មីនា។ អាជ្ញាធរអ៊ីស្រាអែល បានបន្លឺសំឡេងស៊ីរ៉ែនពាសពេញទីក្រុងទាំង២នេះ ដើម្បីប្រកាសអាសន្នប្រាប់ដល់ប្រជាជនខ្លួន។

មានមនុស្សស្លាប់ ឬក៏អត់ និងទំហំខូចខាតក្នុងទីក្រុងទាំង២នេះ អ៊ីស្រាអែល ពុំទាន់បង្ហាញនោះទេ។ ហ្ស៊េរុយសាឡិម ជារដ្ឋធានីធំបំផុតរបស់អ៊ីស្រាអែល និងមានប្រជាជនប្រមាណ១លាននាក់រស់នៅ។ ចំណែក តេល អាវីហ្វ ជាទីក្រុងធំលំដាប់ទី២ និងមានប្រជាជនប្រមាណ៤,៦សែននាក់រស់នៅ។ មានទីក្រុង២ផ្សេងទៀត គឺ បេត សេម៉េស (Beth Shemesh) និង ហៃហ្វា (Haifa) ក៏រងការវាយប្រហារពីអ៊ីរ៉ង់ដែរ។ អ៊ីស្រាអែល បញ្ចេញតួលេខជារួមថា មានប្រជាជនស៊ីវិលប្រមាណ១០នាក់ បានបាត់បង់ជីវិត តែមិនទាន់បញ្ជាក់នោះទេថា មានកងទ័ពស្លាប់ប៉ុន្មាននាក់។

ងាកទៅមើលអ៊ីរ៉ង់វិញ! ទីក្រុងយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់ មានរហូតដល់ទៅជាង១១០ទីក្រុងហើយ ដែលរងការវាយប្រហាររួមគ្នាពីអាម៉េរិក និងអ៊ីស្រាអែល។ តួលេខនេះ បញ្ចេញដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងចុះផ្សាយដោយសារព័ត៌មាន Al Jazeera។ ក្នុងចំណោមនោះ រដ្ឋធានីតេហេរ៉ង់ ទទួលបានគ្រាប់មីស៊ីលមុនគេ។ បើតាមសារព័ត៌មាន The Guardian អ៊ីរ៉ង់ មានប្រជាជនស៊ីវិលច្រើនជាង៧០០នាក់ និងកងទ័ពលើសពី១០០០នាក់ បានបាត់បង់ជីវិត។

ចំណែកអាម៉េរិក អះអាងថា កងទ័ពខ្លួន៦នាក់ហើយ ដែលបានស្លាប់ក្នុងសង្គ្រាមនេះ។ សង្គ្រាមដែលចាប់ផ្តើមឡើងដោយអាម៉េរិក-អ៊ីស្រាអែល ពីថ្ងៃ២៨កុម្ភៈមក បានជះផលប៉ពាល់ដល់តំបន់មជ្ឈិមបូព៌ាស្ទើរទាំងមូល មិនមែនតែអ៊ីរ៉ង់នោះទេ។ ភាគីខ្លះ ចូលរួមជួយដោះស្រាយ តែភាគីខ្លះ ចូលរួមវ៉ៃថែម ធ្វើឱ្យគេមិនអាចសន្និដ្ឋានថា សង្គ្រាមដ៏ខ្លាំងក្លានេះ អាចថមថយនៅពេលណា៕



