ចិនប្រកាសដំឡើងកញ្ចប់ថវិកាយោធា៧ភាគរយសម្រាប់ឆ្នាំ២០២៦ ចំពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែតានតឹងខ្លាំង
N
Nary Vann
05 មីនា 2026 04:00 AM

រដ្ឋធានីប៉េកាំង៖ ក្នុងឱកាសបើកសម័យប្រជុំសភាប្រចាំឆ្នាំ នៅថ្ងៃទី៥ ខែមីនានេះ រដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានប្រកាសដំឡើងកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនចំនួន ៧ភាគរយ ធ្វើឱ្យកញ្ចប់ថវិកាសរុបកើនឡើងដល់១,៩១ទ្រីលានយ័ន (ឬប្រមាណ២៧៦,៩ពាន់លានដុល្លារអាម៉េរិក)...

ការសម្រេចចិត្តនេះ ធ្វើឡើងចំពេលពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់សហរដ្ឋអាម៉េរិកទៅគ្រប់តំបន់, ភាពតានតឹងនៅច្រកសមុទ្ទតៃវ៉ាន់ សង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន និងជាពិសេស សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើង។ ទោះបីជាអត្រាកំណើន៧ភាគរយនេះ មានការថយចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំមុន(៧,២ភាគរយ) ប៉ុន្តែវាជាការដំឡើងក្នុងកម្រិតចំណាយជាប់ៗគ្នា ជាឆ្នាំទី១១ហើយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើទំនើបកម្មកងទ័ពរំដោះប្រជាជន ឱ្យក្លាយជាកងទ័ពលំដាប់ពិភពលោក នៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។ ការប្រកាសនេះ ស្របពេលដែលចិនចាប់ផ្ដើមអនុវត្តផែនការប្រាំ ឆ្នាំទី១៥ ដែលជាផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ច និងយោធារហូតដល់ឆ្នាំ២០៣០។

ការកើនឡើងនៃកញ្ចប់ថវិកាយោធានេះ ក៏ជាសញ្ញាបង្ហាញពីការត្រៀមលក្ខណៈរបស់ចិន ក្នុងការការពារសន្តិសុខថាមពល និងផលប្រយោជន៍សេដ្ឋកិច្ចនៅតំបន់ឈូងសមុទ្ទពែរ្ស ដែលកំពុងរងការគំរាមកំហែងដោយសារជម្លោះវាយប្រហារគ្នារវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈរដ្ឋធានីប៉េកាំងតែងអះអាងថា ការចំណាយយោធារបស់ខ្លួន មានលក្ខណៈការពារខ្លួនសុទ្ធសាធ និងនៅមានកម្រិតទាបជាងឆ្ងាយ បើធៀបនឹងសហរដ្ឋអាម៉េរិក ប៉ុន្តែអ្នកវិភាគអន្តរជាតិនៅតែតាមដានយ៉ាងដិតដល់បំផុត ព្រោះវាជាសូចនាករវាស់វែងពីមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ចិន។

លើសពីនេះ ការដំឡើងថវិការបស់ប្រទេសចិន កើតឡើងស្របពេលលោកប្រធានាធិបតី ស៊ី ជិនពីង កំពុងបន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ព ដែលបានធ្វើឱ្យមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប ត្រូវបាត់បង់តំណែងក្នុងមួយរយៈពេលចុងក្រោយនេះផងដែរ។ កញ្ចប់ថវិកាយោធាថ្មី អាចជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ចិនមិនមានបំណងថយក្រោយឡើយក្នុងការពង្រឹងអំណាចយោធារបស់ខ្លួន ទោះបីជាសេដ្ឋកិច្ចសកលកំពុងរងសម្ពាធពីសង្គ្រាម និងវិបត្តិថាមពលក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត