
រដ្ឋធានីប៉េកាំង៖ មន្ត្រីជាន់ខ្ពស់ចិន២រូប បានអវត្តមានពីជួរថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ក្នុងពិធីបើកព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតប្រចាំឆ្នាំ នៅថ្ងៃពុធទី៤ ខែមីនា ខណៈមន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីស្ដជាច្រើនរូបទៀត កំពុងជាប់ផុងក្នុងរលកនៃការបោសសម្អាតអំពើពុករលួយផ្ទៃក្នុង ក្រោមកណ្តាប់ដៃដែករបស់បុរសខ្លាំង ស៊ី ជីនពីង។

លោក ចាង យូសៀរ (Zhang Youxia) ដែលជាឧត្តមសេនីយ៍មានឋានៈខ្ពស់បំផុតរបស់ចិន មិនបានបង្ហាញវត្តមានក្នុងចំណោមសមាជិកការិយាល័យនយោបាយ ទាំង ២៣រូប ក្នុងពិធីបើកសន្និសីទប្រឹក្សានយោបាយប្រជាជនចិននោះទេ។ ជាមួយគ្នា លោក ម៉ា ស៊ីងរ៉យ (Ma Xingrui) ដែលជាអតីតមន្ត្រីកំពូលប្រចាំតំបន់ស៊ីនជាំង ក៏បានអវត្តមានផងដែរ។ សូមជម្រាបថា លោក ចាង យូសៀរ អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត កាលពីខែមករាកន្លងទៅ។ ចំណែកលោក លោក ម៉ា ស៊ីងរ៉យ វិញ មិនដែលបង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៥មក។

សរុបមក អវត្តមានរបស់ឥស្សរជនទាំង២រូបក្នុងព្រឹត្តិការណ៍ដ៏ធំនេះ មិនត្រឹមតែជាការបាត់មុខបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីព្យុះនយោបាយក្នុងជួរបក្សកុម្មុយនីស្ដចិន។ ទន្ទឹមនឹងអាថ៌កម្បាំងនៃការបាត់ខ្លួនមន្ត្រីគ្រាក់ៗទាំងនេះ បានបន្សល់ទុកនូវការងឿងឆ្ងល់យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ ខណៈចិនព្យាយាមបង្ហាញភាពរឹងមាំខាងនយោបាយរបស់ខ្លួន ប៉ុន្តែផ្ទៃក្នុងហាក់កំពុងរង្គោះរង្គើ មិនទាន់មានទីបញ្ចប់៕





