
ក្រុងព្រះវិហារ៖ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធមកពីស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង នៃខេត្តព្រះវិហារ បានប្រមូលផ្តុំគ្នារៀបចំពិធីបុណ្យបំបួសដើមឈើ អមជាមួយបុណ្យរំឭកដល់សត្វដំរីមេ និងកូន ដែលងាប់ដោយសារត្រូវគ្រាប់ផ្លោងកងទ័ពថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ...។

ក្រសួងបរិស្ថាន ប្រកាសនៅថ្ងៃទី៤មីនា ឆ្នាំ២០២៦នេះថា ពិធីបុណ្យដឹកនាំរៀបចំកាលពីថ្ងៃទី២ និងទី៣មីនា ដោយ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្រុមអង្គការសង្គមស៊ីវិលសរុបប្រមាណ២០០អង្គ/នាក់។ ពិធីបុណ្យរំឭក និងបំបួសដើមឈើ ជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចរស់នៅក្នុងព្រៃតំបន់ការពារធម្មជាតិ តាំងពីយូរលង់ណាស់មកហើយ។ ឆ្នាំ២០២៦ គឺជាខួបលើកទី៩ នៃការរៀបចំពិធីបុណ្យ ក្នុងគោលបំណងរំឭកដល់គុណព្រៃឈើ និងជីវចម្រុះ លើកកម្ពស់ការយល់ដឹង ព្រមទាំងការចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាសម្បត្តិមានតម្លៃរបស់ជាតិ និងប្រជាជនកម្ពុជា ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្រៅពីធ្វើបុណ្យរំឭក មន្រ្តីជំនាញក្រសួងបរិស្ថាន មានគម្រោងរក្សាទុកគ្រោងឆ្អឹងដំរីធ្វើជាសំណាក និងរៀបចំរឿងរាវសម្រាប់ការសិក្សាស្រាវជ្រាវបន្ត។

ការរៀបចំពិធីបុណ្យខួបបំបួសដើមឈើឆ្នាំ២០២៦ ត្រូវបានរួមបញ្ចូលជាមួយការប្រារព្ធពិធីបុណ្យរំឭកដល់សត្វដំរីមេ-កូន ដែលងាប់បន្ទាប់ពីរងរបួសធ្ងន់ធ្ងរនៃការបាញ់ផ្លោងរបស់កងទ័ពថៃ ចូលទឹកដីកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ចំណុចអូរស្កាច ខេត្តព្រះវិហារ។ ក្រសួងបន្ថែមថា តាមការស្រាវជ្រាវ ដំរីព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប ខេត្តព្រះវិហារ មានចំនួនចន្លោះពី១៥-២០ក្បាល។ ដំរីទាំងនោះដើររកស៊ីជាក្រុម ឆ្លងកាត់ទៅមក ពីកម្ពុជាទៅប្រទេសឡាវ និងថៃ៕







