
រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ស្នើដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន និងអង្គការ Humanity & Inclusion (H&I) បន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅជួយរួមចំណែកសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា…។

ការស្នើបែបនេះ ក្នុងឱកាសលោកទេសរដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងលោក Rejib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (H&I) នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នាទីស្នាក់ការអាជ្ញាធរមីន។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរដល់មជ្ឈមណ្ឌល ARMAC ចំពោះភាពជាដៃគូយ៉ាងជិតស្និទ្ធក្នុងកិច្ចការសម្របសម្រួលវិស័យសកម្មភាពមីនទាំងនៅកម្ពុជា និងថ្នាក់តំបន់។

ជាមួយគ្នា លោកក៏បានថ្លែងអំណរគុណដល់អង្គការ H&I សម្រាប់ភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា និងគាំទ្រដល់វិស័យសកម្មភាពមីន និងកម្មវិធីសង្រ្គោះជនមានពិការភាពនៅកម្ពុជាកន្លងទៅ ដោយក្នុងនោះរួមមាន ការស្តារកាយសម្បទា ថែទាំសុខភាពផ្លូវចិត្ត ការធ្វើចលនា និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។ អនុប្រធានទី១អាជ្ញាធរមីន គូសរំលេចបន្ថែមថា ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជាផ្នែកមួយសំខាន់នៃគោលនយោបាយជាតិវិស័យសកម្មភាពមីន និងគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការថែទាំ និងស្តារសម្បទា៕



