
ក្រុងតាខ្មៅ៖ យ៉ាងហោចណាស់កម្មករ-កម្មការិនីចំនួន៣១នាក់ បន្តដួលសន្លប់នៅរោងចក្រ ស៊ីហាវ ហ៊ែនប៊ែក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ករណីនេះអ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា ការស៊ើបអង្កេតបឋម បណ្ដាលមកពី ហប់ ក្ដៅ និងធុំក្លិនកាវ...។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយការីនិពន្ធអង្គភាពសារព័ត៌មាន SBM News នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ព្រឹកនេះក្រុមការងារជំនាញរបស់ក្រសួង បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីខាងលើ ខណៈបងប្អូនកម្មការិនី១៩នាក់ បានវិលត្រលប់ទៅផ្ទះ និង១២នាក់ផ្សេងទៀតបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ លោក ស៊ុន មេសា បន្តថា មកទល់ពេលនេះ មន្ត្រីជំនាញផ្នែកសុវត្ថិភាពការងារកំពុងបន្តអង្កេតស្រាវជ្រាវ នៅទីតាំងកើតហេតុផ្ទាល់ ដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យកម្មការិនីចំនួន៣១នាក់ ដួលសន្លប់បណ្ដាក់គ្នា។ យោងតាមការសន្និដ្ឋានជំហានដំបូង គឺបង្កឡើងពីការហប់ខ្យល់ ក្ដៅ និងធុំក្លិនកាវ។

អ្នកនាំពាក្យបន្តថា បច្ចុប្បន្ន បងប្អូនកម្មការិនីដែលរងគ្រោះក្នុងហេតុការណ៍ដួលសន្លប់ខាងលើ តម្រូវឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលជាធម្មតា។ ជាមួយគ្នា អ្នកនាំពាក្យសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌក្រសួងការងារ តែងយកចិត្តទុកដាក់ និងការពារផលប្រយោជន៍របស់កម្មករ-កម្មការិនីគ្រប់រូប ក្នុងករណីក្រុមការងារជំនាញរកឃើញថា ជាកំហុសបង្កឡើងដោយម្ចាស់រោងចក្រ ប្រាកដណាស់ភាគីនិយោជក និងប្រឈមវិធានការរដ្ឋបាល ហើយបើធ្ងន់ធ្ងរអាចឈានដល់ការអនុវត្តផ្លូវច្បាប់តែម្ដង៕





