
រាជធានីភ្នំពេញ៖ គិតពីថ្ងៃទី៥សីហា ឆ្នាំ២០២៤ មកដល់ដើមខែមីនា ឆ្នាំ២០២៦ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកការដ្ឋានសាងសង់អស់រយៈពេលជាង១ឆ្នាំហើយ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃពុធទី៤មីនា ឆ្នាំ២០២៦ ថា បច្ចុប្បន្ន គម្រោងកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយសំណងជូនពលរដ្ឋនៅឡើយ...។

បានថ្លែងប្រាប់ SBM News លោក ផន រឹម បញ្ជាក់យ៉ាងដូច្នេះថា នៅពេលការដោះស្រាយសំណងជូនពលរដ្ឋរួចរាល់ ក្រសួងសាធារណការនឹងចាប់ផ្តើមការងារបច្ចេកទេស ដើម្បីបើកការសាងសង់ជាផ្លូវការតែម្តង។ លោកគូសបញ្ជាក់ថា៖«ទាល់តែយើងដោះស្រាយផលប៉ះពាល់ហើយ បានចូលទៅដល់ដំណើរការបច្ចេកទេស ពាក់ព័ន្ធនឹងការជីកព្រែកជីកហ្វូណនតេជោ គឺដឹកនាំដោយក្រសួងសារធារណការ»។ ចំពោះ ការបរិច្ឆេទ និងពេលវេលាច្បាស់លាស់នៃការសាងសង់ លោកអះអាងថា នឹងសម្រេចក្រោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ព្រមទាំងក្រោយការដោះស្រាយសំណងជូនពលរដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃពុធទី៤មីនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការតាមការគ្រោងទុក។ សម្តេចចាត់ទុកព្រែកជីក អនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញទៅច្រកសមុទ្រដោយផ្ទាល់ និងកាត់បន្ថយការឆ្លងកាត់ដោយពឹងផ្អែកលើប្រទេសទី៣។ គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្ររបស់កម្ពុជា។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត១៨០គីឡូម៉ែត្រ ជាមួយការប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១,៧ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ៕




