
ព្រំដែនកម្ពុជា-ថៃ៖ អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី១២ប្រទេសផ្សេងគ្នា បានចុះទៅដល់ទីតាំងជាក់ស្តែងដែលក្រុមយោធាថៃ បានវាយប្រហារ, រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រព័ទ្ធយកផ្ទះ និងដីពលរដ្ឋខ្មែរដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃពុធទី៤មីនា ឆ្នាំ២០២៦...។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងថានៅវេលាម៉ោង១រសៀលថ្ងៃពុធនេះថា ក្រសួងការពារជាតិ បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេសចំនួន១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែង និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ បើតាមក្រសួងការពារជាតិ ទីតាំងដែលអនុព័ន្ធយោធាបរទេសចុះទៅផ្ទាល់ គឺទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទូទាំងខេត្តបន្ទាយមានជ័យ មានភូមិចំនួន៦ ត្រូវក្រុមយោធាថៃព័ទ្ធយក កាន់កាប់ដោយខុសច្បាប់ និងផ្ទះពលរដ្ឋជាង២ពាន់ខ្នងត្រូវថៃកម្ទេច ក្រោយបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។

យ៉ាងណា ដើម្បីឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែន ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន ហើយប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា៕






