
អាស៊ី៖ ការកើនឡើងកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ា បានបង្កឱ្យមានការព្រួយបារម្ភជាសកលអំពីសន្តិសុខនៃការផ្គត់ផ្គង់ប្រេង ជាពិសេស សុវត្ថិភាពនៃច្រកសមុទ្ទហ័រមូស្ស ដែលជាចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនថាមពលតាមផ្លូវសមុទ្ទដ៏សំខាន់បំផុត...។

គេនៅចាំបានថា កាលពីឆ្នាំ២០២៥ ប្រេងឆៅប្រហែល១៣,៤លានបារ៉ែល បានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សក្នុងមួយថ្ងៃ ដែលស្មើនឹងប្រហែល៣០ភាគរយនៃពាណិជ្ជកម្មប្រេងតាមសមុទ្ទសរុបនៅលើពិភពលោក។ ក្នុងនោះ ជាង៨០ភាគរយនៃបរិមាណប្រេងទាំងនោះ មានគោលដៅដឹកជញ្ជូនទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី សបញ្ជាក់ឱ្យឃើញពីការពឹងផ្អែកយ៉ាងខ្លាំងលើការពឹងច្រកសមុទ្ទហ័រមូស្ស ដើម្បីដឹកជញ្ជូន។ យ៉ាងណា បើយោងតាមទិន្នន័យចងក្រងដោយសារព័ត៌មានថៃមួយ បង្ហាញពីភាពខុសគ្នាខ្លាំងនៃទុនបម្រុងប្រេងនៅទូទាំងអាស៊ី ដោយជប៉ុនមានទុនបម្រុងប្រេងអាចប្រើប្រាស់បាន២៥៤ថ្ងៃ, កូរ៉េខាងត្បូង មានទុនបម្រុងអាចប្រើបាន២០៨ថ្ងៃ, ចិនអាចប្រើប្រាស់បាន២០០ថ្ងៃ, ឥណ្ឌាអាចទប់បាន៧៤ថ្ងៃ, ថៃអាចទប់ទល់បាន៦១ថ្ងៃ, ហ្វីលីពីន៦០ថ្ងៃ, ឥណ្ឌូណេស៊ី២០ថ្ងៃ, និងវៀតណាម១៥ថ្ងៃ ខណៈកម្ពុជាមិនមានទិន្នន័យផ្លូវការទេ៕



