ចិនទាមទារឱ្យបញ្ឈប់សង្គ្រាមមជ្ឈិមបូព៌ាជាបន្ទាន់ ក្រោយពលរដ្ឋខ្លួនម្នាក់ស្លាប់នៅតេហេរ៉ង់
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រទេសចិនបានចេញមុខអំពាវនាវឱ្យមានការបញ្ឈប់រាល់ប្រតិបត្តិការយោធាជាបន្ទាន់ និងជំរុញឱ្យមានការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានអូសបន្លាយដល់ថ្ងៃទី៣ហើយ គិតមកដល់ថ្ងៃទី២ ខែមីនានេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ​ នីង បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា៖«ភារកិច្ចបន្ទាន់បំផុតនៅពេលនេះ គឺការបញ្ឈប់ប្រតិបត្តិការយោធា និងទប់ស្កាត់ការរីករាលដាលនៃជម្លោះ»។ លោកស្រីក៏បានបង្ហើបឱ្យដឹងផងដែរថា មានពលរដ្ឋចិនម្នាក់បានបាត់បង់ជីវិតនៅក្នុងរដ្ឋធានីតេហេរ៉ង់ ដែលជាទីកន្លែងនៃការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា រហូតដល់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់។

លោកស្រី ម៉ៅ​ នីង
លោកស្រី ម៉ៅ​ នីង

ទាក់ទិននឹងសកម្មភាពយោធារបស់អាម៉េរិក លោកស្រី ម៉ៅ នីង បានបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោន មិនបានផ្ដល់ដំណឹងជាមុនដល់រដ្ឋធានីប៉េកាំងនោះទេ។ បច្ចុប្បន្ន ចិន និងរុស្ស៊ី បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយវិបត្តិនេះ។ ចាប់តាំងពីសប្តាហ៍មុនមក ពលរដ្ឋចិនជាង ៣០០០នាក់បានចាកចេញពីអ៊ីរ៉ង់ ក្រោមការណែនាំពីក្រសួងការបរទេស។

ជាចំណុចគួរឱ្យកត់សម្គាល់មួយទៀតក្នុងស្ថានការណ៍នេះ គឺប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី៣១ខែមីនា ដល់ថ្ងៃទី២ខែមេសា ខាងមុខនេះ។ ទោះបីជាមានភាពតានតឹងក៏ដោយ លោកស្រី ម៉ៅ នីង បានបញ្ជាក់ថា អាម៉េរិក-ចិន កំពុងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជុំវិញជំនួបរវាងមេដឹកនាំខ្លួនទាំងសងខាង នាពេលខាមុខឆាប់ៗនេះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត